(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ក្នុងនាមជាកូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញមកបញ្ជាក់ច្បាស់ថា មិនដែលបានលឺសម្ដេច ស្នើសុំសញ្ជាតិណាផ្សេង ក្រៅពីការប្ដូរផ្ដាច់នឹងឈាមខ្មែរនោះឡើយ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ជាកូនផ្ទាល់ ខ្ញុំមិនដែលលឺថា ឪពុកខ្ញុំបានស្នើសុំសញ្ជាតិណាផ្សេង ក្រៅពីការប្តូរផ្តាច់នឹងឈាមខ្មែរ ដែលម្តាយឪពុករបស់លោកបានផ្តល់ឲ្យនៅលើមាតុភូមិដ៏ថ្លៃថ្លារបស់យើងឡើយ»

ការចេញមកអះអាងបែបនេះរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

ក្រៅពីការចេញមកអះអាងបែបនេះ លោក ហ៊ុន ម៉ានី ក៏បានបង្ហាញនូវការយល់ឃើញរបស់លោក ពាក់ព័ន្ធការបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ផ្ទុយទៅវិញ អ្វីដែលខ្ញុំបានដឹងនោះ គឺថាកន្លងមកលោកមានការយោគយល់ខ្ពស់ ចំពោះឥស្សរជននយោបាយខ្មែរមិនថាមកពី គណបក្សណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេស ទោះក្នុងហេតុផលណា ដើម្បីបានវិលត្រឡប់ និងចូលរួមក្នុងការអភិវឌ្ឍជាតិ ដោយមិនសម្រេចយកលក្ខខណ្ឌសញ្ញាតិមកកំណត់ឡើយ។

ម្តងនេះល្អដែរ ដែលចរន្តនយោបាយបានរុញច្រានយើងឲ្យឈានទៅដល់ការយកលក្ខខណ្ឌសញ្ជាតិនេះ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ម្យ៉ាងអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់ ហើយម្យ៉ាងទៀត នេះក៏ជាការបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនផងដែរ»