(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រកាសគាំទ្រដល់ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។

តាមរយៈ Facebook នៅមុននេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៌របស់សម្តេចដែលលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ»

លោកបានបន្ថែមទៀតថា៖ «ព្រោះថាអ្នកនយោបាយណាម្នាក់ដែលតាំងចិត្តធ្វើជាអ្នកដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវលើជោគវាសនា និងផលប្រយោជន៍ជាតិខ្មែរ ត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនខ្មែរ កុំថាឡើយតែលាលែងសញ្ជាតិបរទេសនោះ(បើមាន)»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ៕