(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតផ្លូវការមួយ ជូនលោក នីកូស គ្រីស្តូឌូលីដេស រដ្ឋមន្ត្រីការបរទេសស៊ីព្រនីកូស៊ី (Cyprus) ស្នើសុំផ្តល់កិច្ចសហការ ដើម្បីស្រាវជ្រាវរកការពិតឱ្យឃើញចំពោះការ ចោទប្រកាន់ផ្ទុយការពិតមកលើសម្តេចតេជោ ហ៊ុន សែន ថា មានលិខិតឆ្លងដែនស៊ីព្រ។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា៖

ភ្នំពេញ ថ្ងៃទី ៦ តុលា២០២១

សូមគោរពជូនឯកឧត្តម នីកូស គ្រីស្តូឌូលីដេស
រដ្ឋមន្ត្រីការបរទេសនៃសាធារណៈស៊ីព្រ

ខ្ញុំមានកិត្តិយសសូមជំរាបជូនជូនឯកឧត្តមថា យើងខ្ញុំមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះសារពត៌មាន ដឺហ្គាឌីយែន (the Guardian) ដែលបានចុះផ្សាយព័ត៌មាន មិនពិត កាលពីថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ថា «...មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនស៊ីព្រ»។

ខ្ញុំសូមជំរាបជូនឯកឧត្តមថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាវីរៈបុរសខ្មែមួយរូបដែលបានដឹកនាំការតស៊ូតាំងពីអាយុ១៨ឆ្នាំ ដោយបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការវាយឱ្យបរាជ័យពួកចក្រពត្តិរបបខ្មែរក្រហមប្រល័យពូជសាសន៍ តស៊ូលះបង់អាយុជីវិតដើម្បីបុព្វហេតុបង្រួបបង្រួមជាតិពឹតប្រាកដ និងក្នុងការកសាង និងអភិវឌ្ឍនប្រទេសជាតិពីបាទដៃទទេ ក្រោយថ្ងៃរំដោះប្រទេសជាតិឆ្នាំ១៩៧៩។

ជាមួយគ្នានេះ ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម មេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបានផ្សាភ្ជាប់អាយុជីវិតរបស់សម្តេច ជាមួយអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈទេសៈទាំងអស់។ ដូចនេះដាច់ខាតពុំមានភាពមន្ទិលសង្ស័យណាមួយចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាវីរៈបុរសជាតិរបស់យើងខ្ញុំនោះទេ ហើយសម្តេចក៏ពុំបាននឹកនា ឬយល់សុបិន្តស្រមើលស្រមៃ សុំសញ្ជាតិ ឬលិខិតឆ្លងដែនពីបរទេសណាមួយនោះឡើយ ពីព្រោះសម្តេចមានកិត្តយស ភាពថ្លៃថ្នូ និងមោទនភាព ក្នុងនាមជាពលរដ្ឋខ្មែរ និងក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិមួយរូប។

អាស្រ័យដូចបានជំរាបជូនខាងលើ ខ្ញុំសូមស្នើឯកឧត្តម មេត្តាជ្រាប និងផ្តល់កិច្ចសហការដើម្បីស្រាវជ្រាវរកការពពិតឱ្យឃើញចំពោះការចោទប្រកាន់ដែលមានចេតនា អាក្រក់នេះសំដៅផ្តល់ភាពយុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ ជូនដល់សម្តេចនាយករដ្ឋមន្ត្រីរបស់យើងខ្ញុំវិញ ហើយម៉្យាងវិញទៀត ដើម្បីឱ្យមតិសាធារណៈជាតិ និងអន្តរជាតិបានយល់ច្បាស់អំពីការពិតនេះ។

ខ្ញុំសូមឆ្លៀតឱកាសនេះ សូមសម្តែងនូវក្តីអំណរអរគុណចំពោះការយោគយល់ និងការយកចិតិ្តទុកដាក់របស់ឯកឧត្តម និងសង្ឃឹមទទួលបានការសហការដ៏ល្អប្រសើរពីឯកឧត្តម ក្នុងនាមប្រទេសយើងទាំងពីរ ជាប្រទេសជាមិត្តនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។

សូមឯកឧត្តម ទទួលនូវការ រាប់អានដ៏ជ្រាលលជ្រៅពីខ្ញុំ។

ប្រាក់ សុខុន
រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា