(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបើកឱ្យមានការជួបជុំធ្វើបុណ្យ និងធ្វើដំណើរកម្សាន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយនឹងការអនុវត្តវិធានការសុខាភិបាលលើកនេះ គឺជាការសាកល្បងមួយដ៏ធំ រវាងមហន្តរាយ និងសុវត្ថិភាព ដើម្បីឈានទៅបើកប្រទេសឡើងវិញ។

តាមរយៈសារសំឡេងមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាការសាកល្បងធំណាស់ សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងមានដូសជំរុញថែមទៀត យើងនឹងតាមដានពិនិត្យអំពីបញ្ហានេះ ដែលចេញពីការសាកល្បងរបស់យើង ដែលមិនមែនជាការសាកល្បងដ៏ប្រថុយប្រថានទេ ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់១០០ភាគរយថាគ្មានបញ្ហានោះដែរ យើងបានត្រៀមខ្លួនដើម្បីទទួលយកនូវស្ថានការណ៍ដ៏អាក្រក់ដែលអាចនឹងកើតមានឡើង ដូចជាករណីឥណ្ឌា»

រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ នៅក្នុងទីវត្តអារ៉ាមនានាទូទាំង ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យពលរដ្ឋយកចង្ហានទៅប្រគេនព្រះសង្ឃនៅខាងក្រៅវត្ត ហើយអនុញ្ញតឱ្យប្រជាពលរដ្ឋឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីដើរកម្សាន្ត និងជួបជុំគ្រួសារ ជាមួយនឹងការអនុវត្តវិធានការសុខាភិបាលជាដើម។

សម្តេចតេជោ ហ៊ុន សែន ដែលកំពុងឈរជើងតាមដានស្ថានការណ៍វិវឌ្ឍក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យ៉ាងយកចិត្តទុកដាក់ បានបញ្ជាក់បន្ថែមថា៖ «ចំណុចនេះជាចំណុចសាកល្បងថាតើបន្ទាប់ពីភ្ជុំបិណ្ឌហើយនោះ យើងមានជំងឺឆ្លងធ្ងន់ធ្ងរឬទេ? ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ ដើម្បីបើកប្រទេសលើគ្រប់វិស័យឡើងវិញ នឹងមិនអាចធ្វើទៅបានទេ ប៉ុន្តែប្រសិនបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង និងអ្នកស្លាប់ ពុំមានអ្វីធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នា ទៅលើការបើកសេដ្ឋកិច្ច សង្គមឡើងវិញ ជាពិសេសករណីសាលារៀន និងទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ»

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកប្រទេសឡើងវិញ នៅចុងឆ្នាំនេះបន្ទាប់ពីបានដាក់ចេញវិធានការជាបន្តបន្ទាប់ ជាពិសេសការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងដូសដូសទី៣ (ដូសជំរុញ)ផងដែរ ខណៈការឆ្លងមានការថយចុះមួយកម្រិត។ គិតត្រឹមយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សរុបចំនួន ១៣,៤៥៦,៣០៦នាក់ ខណៈដែលការចាក់ដូសទី៣ មានប្រមាណជិត១លាននាក់។

ទោះបីជាប្រឈមនឹងកូវីដ១៩ ដែលប៉ះពាល់ដល់វិស័យមួយចំនួន ជាពិសេសវិស័យទេសចរណ៍ ប៉ុន្តែវិស័យកសិកម្ម និងវិស័យឧស្សាហកម្មរបស់កម្ពុជា នៅតែមានដំណើរការល្អប្រសើរ ។ ធនាគារពិភពលោក, IMF និងធនាគារអភិវឌ្ឍអាស៊ី (ADB) បានព្យាករណ៍ថា ទោះបីជាប្រឈមជាមួយកូវីដ១៩ ប៉ុន្តែកំណើនរបស់កម្ពុជា នៅឆ្នាំ២០២១នេះ នឹងកើនឡើងក្នុងចន្លោះពី១.៨ ទៅ២.២ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវខិតខំធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង។ សម្តេចថ្លែងថា «ប្រសិនបើនៅចុងឆ្នាំនេះ យើងអាចបើកសេដ្ឋកិច្ចបាន ជាពិសេសទៅលើសេវាទេសចរណ៍ផ្ទៃក្នុងបឋម កំណើនសេដ្ឋកិច្ចរបស់យើងអាច លើសពី២.២ភាគរយ តាមការវាយតម្លៃក្នុងខែ៩ កន្លងទៅនេះ»

«ការសាកល្បងលើកនេះជាការសាកល្បងដ៏ធំរវាងមហន្តរាយ និងសុវត្ថិភាព ប្រសិនបើយើងធ្វើបានត្រឹមត្រូវ មហន្តរាយវានឹងមិនមានទេ ហើយវាមិននាំទៅដល់ការមិនបានបើកប្រទេសឡើងវិញ»។ នេះជាការបញ្ជាក់បន្ថែមទៀតរប ស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានអំពាវនាវចំពោះជនរួមជាតិ រក្សានូវឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ៣ការពារ ដើម្បីធានាយ៉ាងណា នៅក្រោយការធ្វើបុណ្យ នឹងមិនឱ្យនរណាធ្វើបុណ្យឲ្យវិញ។ សម្តេចបញ្ជាក់ថា ផ្ទុយទៅវិញបើប្រជាពលរដ្ឋអនុវត្តបានល្អ មិនមានការឆ្លងរីករាលដាននោះ ប្រជាពលរដ្ឋកម្ពុជា នឹងបានសប្បាយរីករាយច្រើនជាងមុន នៅក្នុងពិធីបុណ្យផ្សេងៗទៀត ដូចជាពិធីបុណ្យអុំទូកឆ្នាំនេះជាដើម។

សម្តេចតេជោ ក៏អំពាវនាវឱ្យអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ យកចិត្តទុកដាក់ពិនិត្យមើលភាពកកកុញទាំងឡាយ ដើម្បីរក្សាគម្លាតពីក្រុមគ្រួសារមួយទៅកាន់ក្រុមគ្រួសារមួយទៀត ពីមនុស្សដែលមិនស្គាល់គ្នាទៅកៀកគ្នាជាដើម។ សម្តេចបានថ្លែងថា ក្រុមគ្រួសារមួយអាចកៀកគ្នាបាន ដោយសារគេនៅផ្ទះជាមួយគ្នា ជិះឡានជាមួយគ្នា ក៏ប៉ុន្តែដើម្បីការពារ គឺត្រូវធានាយ៉ាងណា នូវសុវត្ថិភាព។ ការកកកុញមនុស្សច្រើន ដោយមិនបានដឹងថានរណាមួយមានជំងឺនោះ នឹងនាំទៅដល់គ្រោះថ្នាក់ ការពាក់ម៉ាស់ នៅតាមទីសាធារណៈដែលយើងដើរកម្សាន្តជាការចាំបាច់ ការលាងដៃនឹងអាល់កុល និងជែល ជាការចាំបាច់»។

សម្តេចសង្ឃឹមថា សុវត្ថិភាពនឹងកើតមានឡើងអាស្រ័យលើគ្រួសារ និងមនុស្សម្នាក់ៗ ហើយសុវត្ថិភាពក្រោយបុណ្យភ្ជុំបិណ្ឌនេះ នឹងនាំទៅដល់ការបើកអ្វីៗលើគ្រប់វិស័យ៕