(ភ្នំពេញ)៖ ក្រោយពីបានប្រកាស និងប្រគល់ត្រា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ លោក ប្រាក់ សុខុន និងលោក ជា សុផារ៉ា បានក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជាផ្លូវការហើយ។

 លោក ប្រាក់ សុខុន បានក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាផ្លូវការ ក្រោយពីមានការប្រកាស និងប្រគល់ត្រា ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៥ ខែមេសា នេះនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ចំណែក លោក ជា សុផារ៉ា វិញ បានក្លាយទៅជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ជាផ្លូវការដូចគ្នា ក្រោយពីមានការប្រកាស និងប្រគល់ត្រា ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង  នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះនៅទីស្តី ការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

គួរបញ្ជាក់ថា លោក ប្រាក់ សុខុន បានក្លាយជា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែល បានស្នើសុំលាលែងពីតំណែង។រីឯលោក ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំនួសលោក អ៊ឹម ឈុនលឹម ដែលនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៕