(ភ្នំពេញ)៖ ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៦ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ចំនួន ២០នាក់ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះរថយន្តដឹកដី ដឹកខ្សាច់ ដែលមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដូចជារថយន្តដឹកដី ដឹកខ្សាច់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស រថយន្តគ្មានផ្លាកលេខសម្គាល់ ឬប្រើប្រាស់ផ្លាកលេខសម្គាល់មិនត្រឹមត្រូវ សំបកកង់សឹករិចរិល និងលក្ខណៈបច្ចេកទេសយាន លើផ្លូវជាតិលេខពីរ។

ឧត្តមសេនីយ៍ រុន រ័ត្នវាសនា បានធ្វើការផាកពិន័យ និងឲ្យកាយដី ឬខ្សាច់ចេញចំពោះរថយន្តដែលផ្ទុកខុសបច្ចេកទេស និងបានព្រមានធ្ងន់ៗចំពោះរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់ ករណីនៅតែមិនគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ បង្កក្រោះថ្នាក់មិនទទួលខុសត្រូវ នគរបាលចរាចរណ៍នឹងធ្វើការតាមច្បាប់ ដោយឃាត់រថយន្តមិនឲ្យធ្វើចរាចរណ៍បន្តទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍បានចុះអប់រំណែនាំអំពីសុវត្ថិភាពចរាចរណ៍ និងចែកខិតបណ្ណអប់រំដល់អ្នកបើកបរតាមដងផ្លូវ តាមបេនឡាន និងបងប្អូនអាជីវករលក់ដូរក្នុងផ្សារ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីព្រពៃណីជាតិ ឧត្តមសេនីយ៍ រុន រ័ត្នវាសនា សូមអំពាវនាវដល់ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង មិនត្រូវវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសកំណត់ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលធ្វើដំណើរ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើក្នុងរថយន្ត ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត គោរពសិទ្ធិអាទិភាពក្នុងការបើកបរ ចេះយោគយល់អធ្យាស្រ័យក្នុងធ្វើដំណើរ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ៕