(កំពង់ឆ្នាំង)៖ ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្នើសុំយ៉ាងទទូចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ក្នុងការជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ប្រគល់ឈើដែលគាត់បានទិញមកពីខេត្តពោធិ៍សាត់ ដើម្បីយកមកសង់ផ្ទះ ហើយត្រូវរដ្ឋបាលព្រៃឈើ សង្កាត់បរិបូណ៌ ចាប់កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

លោក តឹក គឹមឡាយ អាយុ៦២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំខាងលើ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ផ្ទះរបស់គាត់មានទំហំ៧ គុណនឹង ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ត្រូវបានភ្លើងឆាប់ឆេះអស់ទាំងស្រុង មូលហេតុទុស្សេខ្សែភ្លើង។ លោកបញ្ជាក់ទៀតថា ផ្ទះនេះរស់នៅទាំងអស់៥គ្រួសារ ដែលមានសមាជិកទាំងអស់ជាង ១០នាក់។

បន្ទាប់ពីផ្ទះត្រូវភ្លើងឆេះអស់ ក្រុមគ្រួសាររបស់លោកក៏ត្រូវស្នាក់នៅក្រោមដំបូលស័ង្កសីមួយផ្ទាំង ដែលភ្លើងមិនឆេះជាបណ្ដោះអាសន្នលើដីចាស់នេះ។ ដោយមើលឃើញ ពីទុក្ខលំបាករបស់ក្រុមគ្រួសារលោក, សប្បុរសជនជិតឆ្ងាយ រួមទាំងអាជ្ញាធរផងបានជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាជាបន្តបន្ទាប់។

បន្ទាប់ពីបានប្រាក់ដែលសប្បុរសជន បានជួយឧបត្ថម្ភ លោកក៏បានសុំអនុញ្ញាតច្បាប់ ពីអាជ្ញាធរមូលដ្ឋាន ដើម្បីទៅរកទិញឈើនៅខេត្តពោធិ៍ សាត់យកមកសង់ផ្ទះថ្មី ខណៈនោះដែរអាជ្ញាធរឃុំ និងរដ្ឋបាលស្រុកបរិបូណ៌ បានចេញលិខិតមួយច្បាប់ ដោយអនុញ្ញាតឱ្យលោកទិញឈើចំនួន ១០គីប ពីខេត្តពោធិ៍សាត់ ដើម្បីយកមកសង់លំនៅឋាន។ នៅពេលដែលបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានរួចហើយ លោកក៏បានជួលគោយន្តពីរគ្រឿងទៅរកទិញឈើ ដោយទិញបានឈើចំនួន ៨ម៉ែត្រគីប នៅរ៉ាបំណក់ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពេលដឹកឈើមកវិញ ត្រូវឆ្លងកាត់សមត្ថកិច្ច ខេត្តពោធិ៍សាត់ ដែលឈរជើងតាមគោលដៅជាច្រើនកន្លែង ពេលនោះលោកក៏បានបង្ហាញលិខិតអនុញ្ញាតទៅមន្ត្រីឈរ ជើងគ្រប់គោលដៅ តែមិនមានការឃាត់ឃាំងអ្វីឡើយ។

លុះមកដល់ចំណុច ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ក៏ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចាប់ឃាត់ទុក បើទោះជាលោក បានបង្ហាញលិខិតអនុញ្ញាតពីអាជ្ញាធរស្រុកបរិបូណ៌ហើយក៏ដោយ។ ការចាប់ឈើខាងលើនេះ មានរយៈពេលជិត ២០ថ្ងៃមកហើយ ដោយឥឡូវនេះ លោកត្រូវការឈើដើម្បីយកមកសង់លំនៅដ្ឋាន សម្រាប់ជាទីជម្រកដល់ក្រុមគ្រួសារ ដែលមានសមាជិកទាំងក្មេងទាំងចាស់ មានរហូតដល់ជាង ១០នាក់ដែលកំពុងខ្វះទីជម្រក ដើម្បីជ្រកកោន។

ជុំវិញករណីខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ករណីខាងលើនេះ លោកបានចាត់ឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវ តាំងពីលំនៅឋានរបស់គាត់ រហូតដល់ទីតាំងដែលគាត់បានទៅទិញឈើ ពោល គឺបានធ្វើកិច្ចការនេះរួចរាល់ហើយ ដោយពិនិត្យឃើញថា គ្រួសារលោកតាខាងលើ ពិតជាបានទទួលរងគ្រោះដោយសារភ្លើងឆេះផ្ទះប្រាកដមែន ហើយឈើដែលគាត់ទៅទិញពីពោធិ៍សាត់យកមកនេះ គឺយកមកធ្វើផ្ទះពិតប្រាកដណាស់ មិនមែនយកមកជួញដូរអ្វីនោះទេ។ ករណីនេះ លោកក៏បានដាក់សំណើជូនទៅលោកអភិបាលខេត្តរួចហើយដែរ ដោយរង់ចាំតែចំណារពីលោកអភិបាលខេត្តតែប៉ុណ្ណោះ ដើម្បីលោកនឹងប្រគល់ឈើនោះឲ្យទៅម្ចាស់គាត់វិញ៕