(កំពង់ឆ្នាំង)៖ រយៈពេល១៣ថ្ងៃ នៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុក «ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម» និងជាប្រធាន មូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម បាននាំយកបច្ច័យចំនួន ៣៣លានរៀល ជាទេយ្យទានរបស់ព្រះអង្គ និងទទួលបានពីសប្បុរសជន ចុះប្រគេនតាមវត្ត២២វត្ត ដែលមានការខ្វះខាត ដើម្បីទ្រទ្រង់ចង្ហាន់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនេះ។

វត្តដែលទទួលបានបច្ច័យកាន់បិណ្ឌទាំង២២វត្តរួមមាន៖ វត្តឧត្តមមុនី និងវត្តព្រះធាតុ, អាស្រមតាលះ, វត្តឈូក, វត្តថ្នល់បែក, វត្តក្រឡាញ់ចាស់, វត្តវិហារហ្លួង, វត្តទឹកហូត, វត្តមង្គលខណ្ឌ, វត្តត្រពាំងស្នោរ, វត្តជ័រ, កុដិ១២វត្តសារាវន័, កុដិ១៣ វត្តសារាវន័, កុដិ២៦ វត្តសារាវន័, វត្តគិរីធម្មរាជ, វត្តគិរីធម្មបទ, វត្តពុទ្ធស្ថានធម្មចេតិយ, វត្តឧទុម្ពរ, វត្តភ្នំទាប, វត្តពោធិលង្កា, វត្តប្រាសាទស្តាំ និងវត្តដំណាក់កី ដោយក្នុងមួយវត្តទទួលបានបច្ច័យកាន់បិណ្ឌ ១,៥០០,០០០រៀល។

មានសង្ឃដីកា នៅក្នុងឱកាសបន្តនាំយកទេយ្យទានប្រគេនជូនតាមវត្តនេះ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានបញ្ជាក់ថា មិនថាឆ្នាំនេះឬឆ្នាំមុនៗទេព្រះអង្គ តែងតែនាំយកទេយ្យទាន ប្រគេនជូនវត្តដែលខ្វះខាត តបតាមការស្នើពីវត្តនីមួយៗ ហើយក្នុងឆ្នាំនេះទើបតែបានជិត២២វត្តប៉ុណ្ណោះ ខណៈដែលឆ្នាំមុនបានជាង៦០វត្ត ឯណោះ។ នៅឆ្នាំនេះបច្ច័យដែលញាតិញោមផ្តល់តាមរយៈព្រះអង្គ ត្រូវបានបែងចែកជូនប្រជាពលរដ្ឋជួបប្រទះការខ្វះខាតដោយសារកូវីដប្រមាណ ៣ ០០០គ្រួសារ មកហើយ ក្នុងនោះក៏មានផ្តល់ជូនរដ្ឋបាលស្រុក ដើម្បីជួយផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កផងដែរ។

ព្រះអង្គមានសង្ឃដីកាទៀតថា ដោយសារតែវត្តរបស់ព្រះអង្គជាវត្តមួយរាងដាច់ស្រយាលដែរ និងមិនទានមានភាពរុងរឿងច្រើន តែទេយ្យទានចែកជូនភាគច្រើនគឺព្រះអង្គ ទទួលបានពីមកពីញាតិញោមពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសតាមរយៈមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម និងតាមរយៈញាតិញោមប្រគេន ក្នុងកម្មវិធីទេសនា និងផ្សព្វផ្សាយព្រះធម៌តាមរយៈវិទ្យុឪវាទព្រះពុទ្ធ FM 106.70 រាជធានីភ្នំពេញ។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដីកាបន្ថែមទៀតថា ទឹកចិត្តរបស់ញាតិញោម ជាការរួមចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ជាពិសេសវត្តអារាម ដែលនៅក្នុងតំបន់ដាច់ស្រយាលដែលមានការខ្វះខាត ដើម្បីជួយដល់វត្តអារាម ដែលជាកន្លែងផ្សព្វផ្សាយព្រះធម៌ និងអប់រំចិត្តមនុស្សឱ្យបានល្អប្រសើរ និងភាពស្ងប់ស្ងាត់ វៀចាកអំពើរអប្បាយមុខផ្សេងៗដែលមិនល្អ។ ជាមួយគ្នានេះប្រជាពលរដ្ឋខ្វះខាតដែលជួបប្រទះជំងឺកូវីដគ្រប់រាជធានី-ខេត្ត ក៏ទទួលអំណោយពីសប្បុរសជននេះដែរ។

ញាតិញោមមានសុទ្ធាជ្រះថ្លា ចង់ជួយដល់ព្រះសង្ឃនៅតាមវត្តអារាម និងជួយដល់ប្រជាពលរដ្ឋជួបការលំបាក ក៏អាចយកទៅដោយផ្ទាល់ជាមួយព្រះអង្គ ឫអាច តាមរយៈព្រះអង្គក៏បាន តាមលេខទូរសព្ទ៖ 011444418, 086444418 ឫ ABA: 011444418 Hoeum Sovannara ឫ Acleda TaonChet: 011444418 ។ ព្រះអង្គក៏បានប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ជួបតែ និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕