(ភ្នំពេញ)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាក់ទៅលើបុគ្គលឈ្មោះ កែវ រដ្ឋវិទ្យា ដែលកន្លងទៅក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសលុបឈ្មោះចេញពីក្របខ័ណ្ឌនៃមន្ត្រីនគរបាលជាតិហើយ ប៉ុន្តែបុគ្គលរូបនេះ នៅតែបន្តធ្វើកាតក្លែងក្លាយបន្លំជាសមត្ថកិច្ច នៅពេលនេះកម្លាំងសមត្ថកិច្ចបាននឹងកំពុងស្វែងរកបុគ្គលរូបនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ថា «ក្រោយពីមានទំនាស់ និងបង្កបញ្ហានៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានយកមកអនុវត្ដវិន័យនៅការិយាល័យបុគ្គលិក ហើយបានផ្ទេរភារកិច្ចមកបម្រើការងារនៅការិយាល័យប្រឆាំងគ្រឿងញៀន នៅខែមីនា ឆ្នាំ២០១៩»

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឈ្មោះ កែវ រដ្ឋវិទ្យា បានទៅធ្វើសកម្មភាពបាញ់បោះសេរីបណ្តាលឱ្យត្រូវមនុស្សម្នាក់រងរបួសធ្ងន់នៅផ្សារសូរិយាម៉ល ដោយគ្មានបទបញ្ជាពីអង្គភាពឡេីយ ហើយបានរត់គេច ទៅលាក់ខ្លួននៅខេត្ដកំពត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វេីការចាប់ខ្លួនយកមកអនុវត្ដតាមនីតិវិធី និងបញ្ជូនទៅតុលាការ ដែលមានដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥២៧២ ដ.ឃ.ដ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «ដោយមានកំហុសធ្ងន់ធ្ងរ ឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ តាមប្រកាសលេខ ២៧០៦ ប្រក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០»

តាងនាមឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា៖ «បុគ្គលឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ តាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ តែបុគ្គលនេះនៅតែផុសផ្សព្វផ្សាយព័ត៌មានមិនពិត ល្មេីសច្បាប់ និងបានលួចក្លែងបន្លំធ្វេីកាតក្លែងក្លាយរបស់នគរបាលជាតិ សម្រាប់ប្រេីប្រាស់ក្នុងគោលបំណងអាក្រក់អ្វីមួយ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្វែងរកបុគ្គលរូបនេះដេីម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់»៕