(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានសម្តែងការអស់សំណើច នៅពេលឃើញព័ត៌មានចេញផ្សាយថា រូបលោកបាន លួចលាក់លុយចំនួនតែត្រឹម ៥០០០ដុល្លារប៉ុណ្ណោះ តាមរយៈការទិញភាគហ៊ុនពីក្រុមហ៊ុននៅក្រៅប្រទេស។ លោករដ្ឋមន្រ្តីថ្លែងថា ទោះលុយនោះ មាន ៥០០០ដុល្លារក្តី ឬតិចជាង ឬច្រើនជាង ៥០០០ដុល្លារក្តី រូបលោកនឹងប្រគល់លុយទាំងអស់នោះទៅឲ្យអ្នកព័ត៌មាន ឬនរណាម្នាក់ បើអ្នកនោះបានរកឃើញមានពិតប្រាកដថា លោកមានទិញភាគហ៊ុនពីក្រុមហ៊ុននៅក្រៅប្រទេសមែននោះ។

ការថ្លែងរបស់លោក អង្គ វង្សវឌ្ឍានា បានធ្វើឡើង បន្ទាប់ពីមានការបែកធ្លាយនូវឯកសារ Panama Papers ​ចងក្រងឡើងដោយក្រុមអ្នកព័ត៌មាន ដោយលើកបង្ហាញថា មានមន្រ្តីថ្នាក់ដឹកនាំពីបណ្តាប្រទេសជាច្រើន រួមទាំងកីឡាករ និងតារាភាពយន្តផងដែរ បានលួចទិញគម្រោងវិនិយោគនានា នៅប្រទេស Panama ដើម្បីលាក់បាំងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួន។

ថ្លែងប្រាប់ Fresh News នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ លោក អង្គ វង្សវឌ្ឍានា បានថ្លែងថា របាយការណ៍នេះ គឺជាការភូតកុហកក្នុងចេតនាធ្វើឱ្យសាធារណមតិភាន់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកផងដែរ។

លោក អង្គ វង្សវឌ្ឍានា បានអះអាងថា រូបលោក មិនដែលស្គាល់ក្រុមហ៊ុននៅ British Virgin Islands ហើយក៏មិន​ធ្លាប់​លួចលាក់ទិញភាគហ៊ុន​ក្នុងក្រុមហ៊ុន​បរទេសណាមួយនោះដែរ។

លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ដូច្នេះ «លើកឡើងមកមិនទំនង វាពុំមានហេតុផលអី ដែលលាក់លុយត្រឹម ៥០០០ដុល្លារ នៅក្រៅប្រទេស ក្រោមរូបភាពជាការលួចលាក់ ទិញហ៊ុនក្រុមហ៊ុននៅក្រៅប្រទេសនោះទេ។ ខ្ញុំមិនដែលស្គាល់ក្រុមហ៊ុនណាមួយនៅ British Virgin Islands ហើយក៏មិនធ្លាប់ទិញភាគហ៊ុនពីក្រុមហ៊ុនក្រៅប្រទេសនោះដែរ។ ខ្ញុំនឹងប្រគល់លុយទាំងអស់ឲ្យទៅអ្នកព័ត៌មាន ឬនរណាម្នាក់ បើអាចរកឃើញថា ខ្ញុំមានទិញភាគហ៊ុន ឬលាក់លុយតាមរយៈការទិញភាគហ៊ុននៅក្រៅប្រទេសមែននោះ»៕