(កោះកុង)៖ ដើម្បីជួយសង្រ្គោះអាយុជិវិតអ្នកជំងឺក្នុងករណីចាំបាច់បន្ទាន់នៅពេលអ្នកជំងឺមានសភាពធ្ងន់ធ្ងរកង្វះឈាមត្រូវការបញ្ចូលឈាមបន្ទាន់លោកគ្រូ អ្នកគ្រូពេទ្យបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន៣រូប បានបរិច្ចាគឈាមដើម្បីជួយសង្រ្គោះដល់អ្នកជំងឺភ្លាមៗ ដែលចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹង នៅថ្ងៃទី៣ ខែតុលានេះថា អ្នកជំងឺដែលបានចូលមកសម្រាកព្យាបាលមានអាការៈធ្ងន់ធ្ងរដោយកង្វះឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងនេះ មានឈ្មោះ វ៉ាន់ នីត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅឃុំគគីរជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានអាការៈធ្ងន់ធ្ងរបង្ហូរ និងក្អួតឈាម បើតាមការពិនិត្យរបស់ក្រុមលោកគ្រូពេទ្យគឺគាត់មានជំងឺរលាក់ក្រពះធ្ងន់ធ្ងរ ដែលធ្វើឱ្យគាត់បង្ហូរ និងក្អួតឈាមខ្លាំងទើបបណ្តាលឱ្យឈាមរបស់គាត់មានការខ្វះច្រើនហើយស្ថិតក្នុងការជួយសង្រ្គោះបន្ទាន់ទៀតផង។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានបន្ថែមថា អ្នកជំងឺត្រូវការបញ្ចូលឈាមបន្ទាន់ហើយក្រុមគ្រួសារអ្នកជំងឺគាត់មកមិនទាន់បានមកផ្តល់ឈាមបន្ទាន់ដោយសារផ្លូវឆ្ងាយហើយយប់ទៀត ហើយអ្នកជំងឺត្រូវការបញ្ចូលឈាមបន្ទាន់។ ហេតុដូច្នេះក្រុមលោកពេទ្យចំនួន៣រូប បានធ្វើការបរិច្ចាកឈាមជូនគាត់ក្នុងជួយសង្រ្គោះអ្នកជំងឺឱ្យទាន់ពេលវេលាមិនខលខាន់ឡើយ។

លោកវេជ្ជៈបានបន្តថា ការបរិច្ចាកឈាមរបស់ក្រុមលោកគ្រូពេទ្យជូនអ្នកជំងឺដែលមានការកង្វះឈាម ដើម្បីជួយសង្រ្គោះបន្ទាន់នេះ មិនមែនជាលើកទី១ទេ គឺក្រុមលោកគ្រូពេទ្យបានបរិច្ចាកឈាមជូនអ្នកជំងឺច្រើនលើកច្រើនសារមកហើយឱ្យអ្នកជំងឺមានការកង្វះឈាមៗមិនគ្រប់គ្រាន់ក្នុងការជួយសង្រ្គោះនោះ។

លោកវេជ្ជៈបណ្ឌិត បានបញ្ជាក់ថា ការព្យាបាលអ្នកជំងឺការជួយសង្រ្គោះអ្នកជំងឺជាកាតព្វកិច្ចរបស់ក្រុមលោកគ្រូពេទ្យក្នុងការពិនិត្យព្យាបាលមិនថាអ្នកមាន ឬអ្នកក្រទេហើយក៏មិនប្រកាន់ប៉ាក់ពួកនិយមមិនប្រកានពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ ហើយមិនថាអ្នកជំងឺនោះនៅទីជិត ឬទីឆ្ងាយឡើយឱ្យតែក្រុមលោកគ្រូពេទ្យទទួលបានព័ត៌មានមោនផ្លូវទឹក ឬផ្លូវគោកឡើយតែងតែទៅធ្វើការដឹកគាត់យកមកសម្រាកព្យាលបាលក្នុងមន្ទីរពេទ្យយើងភ្លាមៗ ហើយបើអ្នកជំងឺមានជីវភាពខ្វះខាតមន្ទីរពេទ្យសម្របសម្រួលមិនយកថវិកានិងផ្តល់ម្ហូបអាហារ និងផ្តល់ថវិកាជូនគាត់ធ្វើដំណើរវិលត្រឡប់ទៅលំនៅដ្ឋានគាត់វិញនៅពេលគាត់ព្យាបាលជាសះស្បើយ។

ទង្វើទាំងនេះ គឺគុណធម៌ វិជ្ជាជីវៈក្រមសិលធម៌ របស់ក្រុមលោកគ្រូពេទ្យដែលមានគុណធម៌ជាមួយអ្នកជំងឺចេះឱ្យតម្លៃគ្នាទៅវិញទៅមកក្នុងការបំពេញកាតព្វកិច្ចជាគ្រូពេទ្យ៕