(កំពង់ធំ)៖ លោក ជីវ កេង អនុប្រធានតុលាការកំពូល និងលោកស្រី ឆាយ ស៊ីណា នាំយកគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ និងបានចូលរួមកាន់បិណ្ឌវេនទី១២ នៅឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ។

លោក ជីវ កេង បានថ្លែងថា ការនាំយកគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខ សូមឱ្យមកទទួលយកនូវអត្ថមនុញ្ញផល នាវេនកាន់បិណ្ឌទី១២នេះ ហើយដោយអំណាចផល្លាអានិសង្ឃ ពីការធ្វើបុណ្យទាននាពេលនេះ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធ អស់លោកអ្នក ដែលមានគុណបានទៅកើតនៅឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកបានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ នៅតាមទីវត្ត អារាមនានា និងសូមឱ្យអាជ្ញាធរ សមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។

លោក ជីវ កេង ក៏បានអំពាវនាវឱ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។

ជាមួយគ្នានេះព្រះតេជគុណ សៀង សុខ ព្រះចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ និងជាព្រះមេគុណខេត្ត មានសង្ឃដីកាថ្លែងអំណរគុណដល់លោក ជីវ កេង និងលោកស្រី ឆាយ ស៊ីណា ព្រមទាំងសហការី ដែលតែងតែជួយផ្ដួចផ្ដើមក្នុងការកសាងនៅសាលាឆាន់ និងប្រគេនចង្ហាន់ដើម្បីឱ្យព្រះសង្ឃបានសិក្សារៀនសូត្រ ទៅតាមគន្លងព្រះធម៌ ដើម្បីខ្លាយជាធនធានដែលមានចំណេះដឹងសម្បូរបែបនៅក្នុងវិស័យព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា លោក ជីវ កេង និងលោកលោកស្រី ឆាយ ស៊ីណា បានប្រគេនអង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ស្ករស និងសម្ភារជាច្រើនទៀត ព្រមទាំងបច្ច័យសម្រាប់កសាងសាលាឆាន់មួយចំនួនផងដែរ៕