(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ រួមដំណើរដោយ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងប្រធាន-អនុប្រធានក្រុមការងារថ្នាក់កណ្តាល និងខេត្តចុះមូលដ្ឋានស្រុកព្រែកប្រសព្វ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃចំនួន៦វត្ត ក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ។

ក្នុងពីធីនោះដែរលោក ព្រុំ សុខា ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការ បានធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាត្តិកាទាំង៧សន្តាន ដែលបានចែកឋានទៅឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពតរួចមក។

លោករដ្ឋមន្រ្តីបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ចំពោះព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទាំងអស់ សូមឱ្យមានការយោគយល់ ចំពោះការផ្អាកប្រារព្វពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងនិងចម្លងរាលដាលជំងឺកូវីដ១៩ ជាទ្រុងទ្រាយធំ។ ដូច្នេះ គឺមិនអាចប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់បានឡើយ គឺមានតែនាំយកថវិកា និងស្បៀងអាហារ ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌ ជាលក្ខណៈបង្រ្គប់កិច្ច។

លោកក៏បានជំរុញដល់ព្រះសង្ឃ និងប្រជាជនទាំងអស់ ត្រូវរៀនរស់នៅក្នុងគន្លងថ្មីជាមួយ និងបរិបទជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីឈានទៅកាត់ផ្តាច់ឱ្យបាននូវឬសគល់នៃជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរាលដាលចូលទៅក្នុងសហគមន៍យើង។

ក្នុងនោះដែរសម្រាប់ វត្តចន្ទមូលី ហៅវត្តតាម៉ៅ ជាទីតាំងប្រារព្វពិធី ទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយសម្រាប់ រួមនឹងបច្ច័យចំនួន ១លានរៀល ហើយសម្រាប់វត្តចំនួន៥ទៀត ទទួលបានបច្ច័យចំនួន ៣សែនរៀលផងដែរ៕