(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ (ACC) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ។

ការចូលរួមកិច្ចប្រជុំនេះ ធ្វេីឡេីងតបតាមការអញ្ជើញរបស់ លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម,

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាបរទេស ដែល Fresh News ទទួលបាន បញ្ជាក់ថា នៅក្នុងឱកាសកិច្ចប្រជុំទាំងនេះ រដ្ឋមន្រ្តី ការបរទេស អាស៊ាន នឹង ពិភាក្សាអំពីការត្រៀម រៀបចំកិច្ចប្រជុំ កំពូល អាស៊ានលើកទី៣៨ និងលើកទី៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេល ខាងមុខនេះ អាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់ អាស៊ាន សម្រាប់ ឆ្លើយតបនឹងជំងឺកូវីដ-១៩ ពិនិត្យមើលឡើងវិញ ការអនុវត្តផែនការលំអិតស្តីពីការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការ អនុវត្ត ការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច ជាពិសេសការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្រ្តីការបរទេស អាស៊ាន ក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែម ទៀតជាមួយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន និងការថែរក្សា មជ្ឈភាពអាស៊ាន។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបាន លើកយកមកពិភាក្សាគ្នាផងដែរ៕