(កំពង់ឆ្នាំង)៖ បច្ចុប្បន្នកំណាត់ផ្លូវលេខ៥០c ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ត្រូវបានទឹកជំនន់ជន់លិចជាច្រើនកន្លែង ដែលធ្វើឱ្យយានយន្តគ្រប់ប្រភេទមិនអាចចរាចរណ៍ឆ្លងកាត់បាន។ ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលស្រុកកំពង់លែង បានចេញសេចក្តីជូនដំណឹងស្ដីពីការផ្អាកជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៥០c ចាប់ពីចំណុចភូមិ ឃុំច្រណូក ស្រុកកំពង់លែង ទៅកាន់ខេត្តកំពង់ធំ។

ក្នុងសេចក្តីប្រកាសជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់លែង បានបញ្ជាក់ថា ដោយពិនិត្យឃើញស្ថានភាពកម្ពស់ទឹកទន្លេបានកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលបណ្ដាលឱ្យកំណាត់ផ្លូវលេខលេខ៥០c ចាប់ពីចំណុចផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ បានចាប់ផ្ដើមលិចនិងហូរកាត់លើផ្លូវដោយអន្លើៗ ដែលអាចបង្កគ្រោះថ្នាក់ និងងាយខូចខាតផ្លូវ ពិសេសយានយន្តគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់។

ហេតុនេះដើម្បីថែរក្សាការពារកំណាត់ផ្លូវលេខ៥០cនេះ ឱ្យមានសភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ត និងបង្ការលើករណីគ្រោះថ្នាក់ដោយប្រការណាមួយសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ រដ្ឋបាលស្រុកសហការជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការផ្អាកជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៥០c ចាប់ពីចំណុចផ្លូវ កែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ដោយចាប់ពីថ្ងៃជូនដំណឹងរហូតដល់រដូវសម្រក និងមានការជូនដំណឹងជាថ្មីទើបអនុញ្ញាតឲ្យចរាចរណ៍វិញបាន៕