(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្មការពារតាមគោលដៅខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃ ចូលមកខេត្តប៉ៃលិន។

នាឱកាសនោះដែរ លោកស្រី បាន ស្រីមុំ បានលើកឡើងថា ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពេលក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលមានហានិភ័យខ្ពស់ចំពោះពលករខ្មែរចំណាកស្រុក ហើយកន្លងមកខេត្តប៉ៃលិន ក៏បានរកឃើញពលករដែលឆ្លងដែនមកពីប្រទេសថៃ មានវិជ្ជមានជំងឺកូវីដ១៩ ផងដែរ។

លោកស្រីអភិបាលខេត្ត បានជំរុញដល់កម្លាំងទាំង៣ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ច្រករបៀងត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ២៤ម៉ោង លើ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវក្រែងសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរត្រឡប់មកវិញ និងត្រឡប់ទៅវិញ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ ពីក្រៅប្រទេស។

លោកស្រី បាន ស្រីមុំ ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងម្លាំងចម្រុះ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩ រួមទាំងការការពារបូរណភាពទឹកដី និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានាផងដែរ ជាពិសេសសូមលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញកងទ័ពអាវសទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លានេះសម្រាប់ប្រជាជន និងប្រទេសជាតិ។

សូមបញ្ជាក់ថា នៅក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកស្រីអភិបាលខេត្ត ក៏បានឧបត្ថម្ភស្បៀងអាហារ ម៉ាស់ អាល់កុល និងថវិកាមួយចំនួនផងដែរ៕