(ត្បូងឃ្មុំ)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាំយកទៅប្រគល់ជូនយោធោសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៃកងពលតូចថ្មើរជើងលេខ២១។

ការចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយធ្វើឡើង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ នៅទីបញ្ជាការដ្ឋានកងទ័ព កងពលតូចថ្មើរជើងលេខ២១ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងយោធាដែលបានចូលនិវត្តន៍ទាំងអស់ នៃសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស ដែលបានរួមដំណើរជាមួយសម្តេចតេជោ និងឥស្សរជនទាំងអស់ ប្រយុទ្ធតស៊ូទាំងថ្ងៃទាំងយប់លះបង់បូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដី នាំយកសុខសន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិមាតុភូមិកម្ពុជា។

លោកអភិបាលខេត្ត បានបង្ហាញអារម្មណ៍ចេញពីដួងចិត្ត គោរពស្ញប់ស្ញែង នូវគម្រូវីរៈភាពរបស់បងប្អូនអតីតយុទ្ធជន បានចារដក់ជាប់នៅលើដើមទ្រូងពលរដ្ឋខ្មែរទូទាំងប្រទេស នូវពលីកម្មដ៏ធំធេងមួយនេះ។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា សុខសន្តិភាព ជាកត្តាចាំបាច់បំផុត បានធ្វើឲ្យប្រទេសជាតិសុខសានត្រាណ មានការអភិវឌ្ឍន៍រីកចម្រើនឥតឈបឈរ ពលរដ្ឋមានជីវភាពធូរធារសម្បូរសប្បាយ ពិសេសការយកចិត្តទុកជួយជ្រោមជ្រែងបងប្អូនអតីតយុទ្ធជនយើង សុទ្ធសឹងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម។

លោក ជាម ច័ន្ទសោភ័ណ សង្ឃឹមយ៉ាងមុតមាំ និងបន្តអំពាវនាវដល់កងកម្លាំងអតីតយុទ្ធជនយើងទាំងអស់ បន្តឥតងាករេរ គាំទ្រដាច់ខាតគណបក្សប្រជាជន គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងដរាប ដើម្បីបងប្អូនអតីតយោធិនយើង ពលរដ្ឋយើង និងប្រទេសជាតិកម្ពុជាយើងទាំងមូល បន្តរស់នៅប្រកបដោយក្តីសុខពេញលេញបានដូចសព្វថ្ងៃនេះ «សម្តេចតេជោ ហ៊ុនសែន បិតាសុខសន្តិភាព និងការអភិវឌ្ឍន៍នៃកម្ពុជា»

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថា នៅទូទាំងខេត្តត្បូងឃ្មុំ មានអតីតយុទ្ធជនជាង២,០០០នាក់ ខណៈ៣៨គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ច រស់នៅខាងខេត្តក្រចេះ ដែលផ្តល់ជូន និងយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាអតីតយោធិនទាំងអស់នៅទូទាំងប្រទេស។

ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមាន សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា៧៥នាក់ ក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ប៊ីចេង១កញ្ចប់ ប្រេងឆា១ដប ទឹកត្រី១ដប ទឹកស៉ីអ៉ីវ១ដបខ្ទឹមស ថវិកា១០០,០០០រៀល និងផ្តល់ជូនកងពលតូចថ្មើរជើងលេខ២១ អង្ករ១តោន ទឹកសុទ្ធ១០០កេស មី៦០កេស ម៉ាស២៥០០ម៉ាស អាល់កុល៦០លីត្រ និងថវិកាមួយចំនួន។

បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី តាមរយៈលោក ជាម ច័ន្ទសោភ័ណ បានជួយបំពេញការសាងសង់អគារនៅក្នុងកងពលតូចថ្មើរជើងលេខ២១ នូវថវិកាចំនួន ៤៥,០០០,០០០រៀលបន្ថែមផងដែរ៕