(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ បាននាំទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន៣វត្ត នៅឃុំពងទឹក ក្នុងការសម្រួលដល់ការខ្វះខាតរបស់ព្រះសង្ឃ ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ការប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួន៣វត្ត នៅឃុំពងទឹកនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ ដែលមានការចូលរួមពីសមាជិកបក្សជាច្រើនរូបផងដែរ។

លោក ចាន់ កុលបុត្រ បានថ្លែងថា ក្នុងនាមប្រធានក្រុមការងារចុះជួយឃុំពងទឹកថ្ងៃនេះ បាននាំទេយ្យវត្ថុ និងបច្ច័យមួយចំនួនមកប្រគេនដល់ព្រះសង្ឃដើម្បីដោះស្រាយនូវការខ្វះខាតមួយចំនួនរបស់ព្រះសង្ឃក្នុងវិបត្តិកូវីដ១៩ ដែលពុទ្ធបរិស័ទមិនអាចមកកាន់បិណ្ឌនៅវត្តបាន។

លោកបានបញ្ជាក់ថា ការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាល បានសង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម ដោយមិនមានការធានាបាននូវការអនុវត្តបានត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឡើយ។

រដ្ឋាភិបាលបារម្ភថា ការជួបជុំនេះនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ជាពិសេសមេរោគបំប្លែងថ្មីប្រភេទ Delta ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ ក្នុងនោះក៏បានជំរុញដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួល ជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់ព្រះសង្ឃ នៅតាមបណ្តា វត្តអារាមនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។

លោក ចាន់ កុលបុត្រ អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដីត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគប្រភេទ Delta ឬប្រភេទបំប្លែងថ្មីផ្សេងទៀត៕