(ភ្នំពេញ)៖ គម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជា បានរៀបចំ «ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុទាំង ៩ និងមគ្គុទេ្ទសក៍ហិរញ្ញវត្ថុ» ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនវីង ក្រុមហ៊ុនប៊ូសខេភីថល ក្រុមហ៊ុនស៉ីអ៉ិនវេសមិន និងក្រុមសន្សំប្រាក់នារី ដើម្បីផ្តល់ធនធានទាំងនេះ ដល់អង្គភាពពាក់ព័ន្ធ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងសហគ្រិនស្ត្រីវ័យក្មេង។ កម្មវិធីខាងលើ បានធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមជំនូយរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ គឺលោកស្រីបណ្ឌិត ជា សិរី អគ្គនាយបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងថា វីដេអូចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមគ្គុទេសក៏ហិរញ្ញវត្ថុ នេះនឹងផ្តល់ជាមាគ៌ា ដល់សារធារណជនទូទៅ អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងជាពិសេសសហគ្រិនស្រ្តីវ័យក្មេង ឱ្យយល់ដឹងពីដំណើរការពេញលេញ នៃការទទួលបាន និងប្រើប្រាស់សេវាហិញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពវៃឆ្លាត។

លោកស្រី សាប៊ីន យ៉ៅគ្គឹស ប្រធានអង្គការផេកកម្ពុជា និងជាប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្ម បានថ្លែងថា «មគ្គុទេសក៏ហិរញ្ញវត្ថុ វីដេអូចំណេះដឹង ហិរញ្ញវត្ថុ និង ផលិតផលហិរញ្ញប្បទានទាំងនេះ មានគោលបំណងដោះស្រាយបញ្ហាជាច្រើនជុំវិញការទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីវ័យក្មេង។ វិធីសាស្រ្តដោះស្រាយ ដោយបង្កើនចំណេះដឹង ការយល់ដឹង ក៏ដូចជាការផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុយ៉ាងពិតប្រាកដ អាចជាវិធីសាស្រ្តត្រឹមត្រូវ ក្នុងការផ្តល់ឱ្យស្ត្រីនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ យើងនឹងធ្វើឱ្យសម្ភារៈទាំងនេះអាចប្រើប្រាស់បានសម្រាប់ដៃគូដែលធ្វើការផ្នែកហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត»

អ្នកចូលរួមជាង ២០០ នាក់តំណាងឱ្យភាគីពាក់ព័ន្ធសំខាន់ៗបានចូលរួមព្រឹត្តិការណ៍នេះរួមមាន៖ ស្ថានទូតអាមេរិក ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនវីង ក្រុមហ៊ុនប៊ូសខេភីថល ក្រុមហ៊ុនស៉ី អ៉ិនវេសមិន និងក្រុមសន្សំប្រាក់នារី ក៏ដូចជាដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានអប់រំ ស្ថាប័នរដ្ឋ និងសហគ្រិនស្ត្រីវ័យក្មេង។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានថ្លែងដែរថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ពួកគេគ្រប់គ្រងអាជីវកម្មខ្នាតតូច ហើយជាធម្មតាទទួលខុសត្រូវចំពោះលំហូរសាច់ប្រាក់សម្រាប់គ្រួសាររៀងៗខ្លួនទៀតផង។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់សហគ្រិនស្ត្រី ព្រោះវាផ្តល់ឱ្យពួកគេនូវចំណេះដឹងដ៏សំខាន់ ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រងថវិការបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

មគ្គុទ្ទេសក៍ហិរញ្ញវត្ថុ ជាផែនទី ជួយសហគ្រិនស្ត្រីវ័យក្មេង ក្នុងការសម្រេចដ៍មានប្រសិទ្ធភាពមុននឹងធ្វើការសន្និដ្ឋានថា តើពួកគេត្រូវការហិរញ្ញវត្ថុ និងកំណត់ប្រភេទនៃហិរញ្ញវត្ថុសមស្របនឹងលក្ខខណ្ឌរបស់ពួកគាត់រួមមានទំហំអាជីវកម្ម កម្រិតនៃការអភិវឌ្ឍ ទំហំលទ្ធភាពទទួលបានហិរញ្ញប្បទាន ការផ្លាស់ប្តូរបរិយាកាស និងលទ្ធភាពទទួលបានចំណេះដឹង ហិរញ្ញវត្ថុជាដើម។ មគ្គុទ្ទេសក៍ហិរញ្ញវត្ថុនេះ ក៏បានភ្ជាប់នឹងតំណផ្សេងៗ ដែលអង្គការផ្សេងទៀតបានផលិតពាក់ព័ន្ធនឹងប្រធានបទនេះ។

លោកស្រី ស៉ីលា ប៊យ សហស្ថាបនិក និងនាយិកាប្រចាំក្រុមហ៊ុនស៉ីអ៉ិវេសមិន បានលើកឡើងថា គម្រោងនេះពិតជាបង្ហាញ កិច្ចសហការ រវាងវិស័យសាធារណៈ និងឯកជនដោយផ្តោតលើ សហគ្រិនស្ត្រីវ័យក្មេងនិងសំលេងរបស់ពួកគាត់។ យើងមានមោទនភាព និងរីករាយដែលបានចូលរួមចំណែករហូតមកដល់ពេលនេះ ហើយទន្ទឹងរង់ចាំមើលធនធានទាំងនេះជួយស្ត្រីក្នុងការសម្រេចចិត្តពីហិរញ្ញវត្ថុ ដោយមានព័ត៌មានច្បាស់លាស់នាពេលអនាគត។

វីដេអូចំណេះដឹងហិរញ្ញវត្ថុ៩វគ្គ នឹងលើកកម្ពស់ការយល់ដឹង និងបង្កើនចំណេះដឹងទាក់ទងនឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ដល់សហគ្រិនស្ត្រីវ័យក្មេង ដើម្បីពង្រឹងអាជីវកម្មរបស់ពួកគាត់។ អ្នកចូលរួមបានដឹងព័ត៌មានអំពីបញ្ហា លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងជម្រើសហិរញ្ញប្បទានប្រកបដោយសុវត្ថិភាព ដើម្បីឲ្យសហគ្រិនស្ត្រីវ័យក្មេងពង្រីកអាជីវកម្មរបស់ពួកគាត់។

«ខ្សែវីដេអូទាំង៩ អមជាមួយមគ្គិទេសក៍ហិរញ្ញវត្ថុ ពិតជាមានភាពចាំបាច់ណាស់ ក្នុងការជួយដល់សហគ្រិនកម្ពុជា ពិសេសស្ត្រីឲ្យមានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម និងផ្ទាល់ ខ្លូនផងដែរ ពិសេសក្នុងបរិបទនៃផលប៉ះពាល់នៃជំងឺកូវីដ១៩។ ការរៀបចំហិរញ្ញវត្ថុបានល្អ ក៏នឹងផ្តល់ភាពងាយស្រួលដល់សហគ្រិនក្នុងទទួលបាននូវសេវាហិរញ្ញវត្ថុ នៅពេលដែលពួកគាត់មានបំណង ចង់ពង្រីកអាជីវកម្ម ដើម្បីឲ្យកាន់តែរីកចម្រើន»។ នេះបើតាម លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង ជាតំណាងសមាគមធនាគារនៅកម្ពុជា៕

ទស្សនាវីដូអូ៖ https://fb.watch/8l7oRg3vCl/