(សៀមរាប)៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ៦ ដល់១២ឆ្នាំ ក្នុងក្រុងសៀមរាប បានចាប់ផ្តើមហើយ ក្រោយពន្យារពេលមួយរយៈ និងបន្ទប់ពីការបិទបញ្ចប់តំបន់បិទខ្ទប់ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចេញផ្សាយនៅថ្ងៃទី១ ខែតុលា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៦ ដល់១២ឆ្នាំ ក្នុងក្រុងសៀមរាប សម្រាប់ដូសទី១នេះ ចាប់ផ្តើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានបែងចែកមណ្ឌលឬទីតាំងសម្រាប់ការចាក់វ៉ាក់សាំងខាងលើនេះ ដែលរួមមាន ទី១ មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ចាក់ជូនពលរដ្ឋរស់នៅសង្កាត់ស្លក្រាម សង្កាត់ចុងឃ្នៀស សង្កាត់ស្រង៉ែ សង្កាត់សំបួរ សង្កាត់ក្របីរៀល និងសង្កាត់ទឹកវិល។ ទី២ វិទ្យាល័យ១០មករា សម្រាប់ចាក់ជូនពលរដ្ឋនៅសង្កាត់ស្វាយដង្គំ។ ទី៣ សាលាបឋមិសក្សាវត្តបូព៌ សម្រាប់ចាក់ជូនពលរដ្ឋនៅសង្កាត់ សាលាកំរើក។ ទី៤ មណ្ឌលសុខភាពគោកចក សម្រាប់ចាក់ពលរដ្ឋ សង្កាត់គោកចក និងសង្កាត់នគរធំ។ ទី៥ មណ្ឌលសុខភាពជ្រាវ សម្រាប់ចាក់ជូនពលរដ្ឋ សង្កាត់ជ្រាវ និងសង្កាត់សៀមរាប។

ពេលវេលានាំការចាក់វ៉ាក់សាំង គឺពេលព្រឹកចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង១១កន្លះ និងពេលរសៀល ពីម៉ោង ២ ដល់ម៉ោង៥។

តាមរបាយការណ៍របស់រដ្ឋបាលខេត្ត ទូទាំងខេត្តមានកុមារអាយុចន្លោះពី៦ដល់១២ឆ្នាំ សរុបមានចំនួន ១៣៥,០៩១នាក់ (ស្រី ៦៥,៣២៦នាក់) ហើយក្រុងសៀមរាបមានកុមារសរុប ៣៥,០៥៤នាក់ (១៧,២១៣នាក់)៕