(ភ្នំពេញ)៖ រយៈពេល០៩ខែ ឆ្នាំ២០២១នេះ គិតចាប់ពីដមេីខែមករាមកដល់ពេលនេះ មានយានយន្តសរុបជាង១៦ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូជាង ១២ម៉ឺនគ្រឿង និងរថយន្តគ្រប់ប្រភេទជាង៤ម៉ឺនគ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ទូរស័ព្ទ បត់ជែង និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ទូរស័ព្ទ អត់ខ្សែក្រវាត់ ឆៀក អាជីវកម្មជាដើម។

ក្នុងរយ:ពេល៩ខែ ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៨៩៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,០៦៥នាក់ របួស ២,៥៩៣នាក់ (របួសធ្ងន់ ១,៥៦៥នាក់)។

ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើស នៅរយ:ពេល៩ខែមកនេះ ត្រូវបានអ្នកនាំពាក្យអគ្គស្នងការដ្ឋាន បញ្ជាក់ថា បានដំណើរការទៅយ៉ាងល្អប្រសើរ។

លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕