(ភ្នំពេញ)៖ ក្រោយទទួលបានយុត្តិធម៌ឡើងវិញ បន្ទាប់ពីជាប់រឿងក្តីដែលអូសបន្លាយដល់ទៅ ៤ឆ្នាំ លោក កូកូវិក ដេនីស (COKOVIC DENIS) ដែលជាវិនិយោគិនសញ្ជាតិកូសូវ៉ូ បានសរសើរប្រព័ន្ធយុត្តិធម៌របស់កម្ពុជា និងថ្លែងពាក្យមួយយ៉ាងច្បាស់ៗថា «អរគុណសន្តិភាព»។

ក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោក COKOVIC DENIS បានបង្ហាញទស្សនៈថា៖ «ព្រះរាជាណាចក្រកម្ពុជាមាន គុណតម្លៃស្នូលនៃប្រព័ន្ធយុត្តិធម៌ផ្ទាល់ខ្លួនមានភាពយុត្តិធម៌ និងមានតុល្យភាពដើម្បីបម្រើនិងការពារគាត់ និងអាជីវកម្មរបស់គាត់, នីតិរដ្ឋមានកម្រិតខ្ពស់, សិទ្ធិមនុស្សត្រូវបានការពារជាអតិបរមា, ស្ថាប័នត្រូវបានរៀបចំឡើងហើយនៅកម្រិតខ្ពស់ "ដែលខ្ញុំមិនអាចសុំអ្វីប្រសើរជាងនេះបានទេ"»

ព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើន និងការពារវិនិយោគិនបរទេសទាំងអស់ដែលចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។ សម្រាប់វិនិយោគិនដូចលោកផ្ទាល់ បានឃើញឱកាសជាច្រើនសម្រាប់ប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈក្នុងការបង្កើនជំនាញ និងជំនាញរបស់ពួកគេដើម្បីជួយលើកកម្ពស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជានិងប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។

ប្រទេសកម្ពុជា គឺជាប្រទេសដែលមានកម្លាំងពលកម្មក្មេងជាងគេបំផុតនៅលើពិភពលោក កម្មករវ័យក្មេងមួយចំនួនធំមានជំនាញគ្រប់វិស័យ។ បច្ចុប្បន្ននេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញយ៉ាងខ្លាំងក្លាដល់ការអប់រំខ្ពស់ ដើម្បីបង្កើនធនធានមនុស្សដើម្បីបំពេញតម្រូវការកម្លាំងការងារនៅសតវត្សរ៍ទី២១ រួមទាំងការគាំទ្រយ៉ាងខ្លាំងដល់វិស័យកសិកម្ម។

លោកបានបង្ហាញពីបំណង ប្រកាសហៅអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជាលើគ្រប់វិស័យទាំងអស់ ព្រោះប្រទេសកម្ពុជាមានសក្តានុពលធំធេង ហើយគំនិតរបស់ខ្ញុំចំពោះការវិនិយោគមួយដុល្លារអាចរកបានមួយពាន់ដុល្លារ។ កម្ពុជាមានរាជរដ្ឋាភិបាលដ៏ល្អ ហើយមានធនធានធម្មជាតិជាច្រើន មានមនុស្សដែលមានជំនាញផ្សេងៗ មានការលើកទឹកចិត្តតាមរយៈពន្ធ និងច្បាប់វិនិយោគបរទេសសាមញ្ញ។

ដោយសារតែការបង់ពន្ធក៏មានតម្លៃទាប និងមានការអនុគ្រោះពន្ធពេលដំណើរការវិនិយោគ ស្របពេលច្បាប់វិនិយោគងាយស្រួលយល់ ខណៈដែលស្ថិរភាពនយោបាយល្អ មានសន្តិភាពរហូតដល់ទៅប្រមាណ ៤០ឆ្នាំមកនេះ ធ្វើឲ្យវិនិយោគិនសញ្ជាតិកូសូវ៉ូ បង្ហើបពីគម្រោងវិនិយោគទូទាំង ២៥រាជធានីខេត្ត ដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។ លោកអះអាងថា ចង់នាំពលករកម្ពុជា ដែលធ្វើធ្លាប់ធ្វើការនៅក្រៅប្រទេស ដូចជាថៃ ម៉ាឡេស៉ី និងកូរ៉េខាងត្បូងជាដើម បានមកស្រុកវិញ ហើយលោកផ្តល់ប្រាក់ខែថ្លៃជាងប្រទេសទាំងនោះទៅទៀត។

នៅពេលសួរថា «តើអ្នកនៅក្នុងពន្ធនាគារតើអ្នកមានបញ្ហាអ្វីទេ?» លោក COKOVIC DENIS បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំគ្មានបញ្ហាទេ! សិទ្ធិមនុស្សត្រូវបានការពារក្នុងកម្រិតខ្ពស់បំផុតសម្រាប់អ្នកទោសទាំងអស់ ជាពិសេសចំពោះជនបរទេសជនបរទេសត្រូវបានការពារជាអតិបរមាពីរដ្ឋបាលពន្ធនាគារ និងពីមន្រ្តីពន្ធនាគារគ្រប់រូប។ ខ្ញុំសូមឆ្លៀតឱកាសនេះ ផ្ញើការគោរពនិងសូមអរគុណចំពោះការគោរពដ៏ត្រឹមត្រូវ ចំពោះការគ្រប់គ្រងពន្ធនាគារទាំងមូល និងមន្រ្តីពន្ធនាគារទាំងអស់»។

លោកបន្ថែមថា «ខ្ញុំចង់សម្តែងការដឹងគុណចំពោះព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះភាពជាអ្នកដឹកនាំដែលបានផ្តល់នូវសន្តិភាព និងវិបុលភាព ដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនទាំងអស់នៅកម្ពុជា។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះតុលាការគ្រប់កម្រិតនៅកម្ពុជា ជាពិសេសតុលាការកំពូលដែលបានជួយខ្ញុំក្នុងការស្វែងរកយុត្តិធម៌។ ជាចុងក្រោយប្រសិនបើមានឱកាស ខ្ញុំចង់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបង្ហាញពីការដឹងគុណនិងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដក្នុងការវិនិយោគនៅកម្ពុជា។ "អរគុណសន្តិភាព"»

សូមជម្រាបថា លោក COKOVIC DENIS និងបុគ្គល ២នាក់ទៀតមានឈ្មោះ SIRILUCK CHOOCHAR និង SOMPONG SAKULTHAP បានទទួលយុត្តិធម៌ឡើងវិញ ក្រោយពីមានបញ្ហារយៈពេល ៤ឆ្នាំកន្លងមក ដែលមាន ២សំណុំរឿង។

* សំណុំរឿងទី១៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក COKOVIC DENIS, ឈ្មោះ SIRILUCK CHOOCHAR និងឈ្មោះ SOMPONG SAKULTHAP ត្រូវបានដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់ដាក់ពាក្យបណ្ដឹងមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងសមគំនិត ព្រមទាំងបទល្មើសឆបោក។ បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតាមសាលក្រមព្រហ្មទណ្ឌលេខ ៨៩២ត ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ឲ្យជនជាប់ចោទទាំងបីនាក់រួចផុតពីបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងសមគំនិត ប៉ុន្តែជនជាប់ចោទទាំង ៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោក ដោយផ្តន្ទាទោសម្នាក់ៗរយៈពេល២ឆ្នាំ។

ជនជាប់ចោទទាំង ៣នាក់ មិនសុខចិត្តក៏ប្តឹងឧទ្ធរណ៍ បន្ទាប់មកសាលាឧទ្ធរណ៍ក៏បានសម្រេចតាមសាលដីកាលេខ ៤១ ក្រIIប ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ លើកលែងតែចំណុចផ្តន្ទាទោសរយៈពេល ២ឆ្នាំ លើឈ្មោះ COKOVIC DENIS មកដាក់ផ្តន្ទាគាររយៈពេល ១ឆ្នាំ១០ខែ វិញ។ ជនជាប់ចោទទាំង ៣នាក់នូវតែមិនសុខចិត្ត ក៏បន្តប្តឹងសាទុក្ខមកតុលាការកំពូល ហើយត្រូវបានតុលាការកំពូលសម្រេចតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ២៣៣ IV ចុះថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២០ ឲ្យជនជាប់ចោទទាំង ៣នាក់រួចផុតពីបទឆបោក។

* រឿងទី២៖ ដើមបណ្តឹងរដ្ឋប្បវេណី ក៏បានប្តឹងឈ្មោះ COKOVIC DENIS, ឈ្មោះ SIRILUCK CHOOCHAR និងឈ្មោះ SOMPONG SAKULTHAP ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងសមគំនិត» ថ្មីមួយទៀត។ ប៉ុន្តែយ៉ាងនេះក្តី សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ១៦១៤ហ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឲ្យជនជាប់ចោទទាំងបីនាក់ខាងលើ រួចខ្លួនពីបទចោទខាងលើផងដែរដែរ។

ចំណែក ឯ ដើមបណ្តឹងមិនសុខចិត្តនឹងសាលក្រមនេះ ក៏ប្តឹងឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ក៏បានសម្រេចតាមសាលដីកាព្រហ្មទណ្ឌលេខ ១៥៩ ក្រIIរ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយច្រានចោលនូវបណ្តឹងឧទ្ធរណ៍របស់ដើមបណ្តឹងរដ្ឋប្បវេណី។ ដើមបណ្តឹងរដ្ឋប្បវេណីនូវតែមិនសុខចិត្តពីសាលដីកានេះ ក៏ធ្វើបណ្តឹងសាទុក្ខទៅតុលាការកំពូលទៀត ហើយតុលាការកំពូលក៏បានជំនុំជម្រះនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ និងប្រកាសជាសាធារណៈនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមសាលដីកាព្រហ្មទណ្ឌលេខ ៣៣៧ VI ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយបដិសេធបណ្តឹងសាទុក្ខរបស់ដើមបណ្តឹង និងសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ៕