(ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ២នាក់ និងរឹបអូសគ្រឿងញៀនជាង៣គីឡូក្រាម។

របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែតុលានេះបានបញ្ជាក់ថា ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ចំនួន៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី២ និងទី៣៖ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ដោយដកហូតថ្នាំមេតំហ្វេតាមីន (ICE)ទម្ងន់ជាង៣ គីឡូក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៧.៨៧ក្រាម និងនីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕