(ភ្នំពេញ)៖ ក្នុងពិធីបើកសម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវសារសំខាន់ៗ មួយចំនួន ពាក់ព័ន្ធនឹងវិស័យរដ្ឋបាលសាធារណៈ និងសាធារណការផងដែរ។

សារសំខាន់ៗទាំងនោះមានដូចជា៖

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែងថា សម្តេចមិនដែលបំពាន ការងារដ្ឋមន្រ្តីណាមួយទេ ការលូកដៃរបស់សម្តេច ក៏ដោយសារតែរដ្ឋមន្រ្តីទាំងនោះ មិនបានធ្វើការងារតាមតួនាទី និងច្បាប់ ដែលបានកំណត់។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងឆ្លើយតបទៅ និងការលើកឡើងមួយចំនួនថា សម្តេចតែងតែប្រមូលយកអំណាច ទៅគ្រប់គ្រងដោយខ្លួនឯង។ ជាមួយគ្នានេះ សម្តេចកំពុងតែជំរុញឲ្យរដ្ឋមន្រ្តី ក៏ដូចជាមន្រ្តីរបស់រាជរដ្ឋាភិបាល អនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់។

* សម្តេចតេជោ ហ៊ុន សែនបានជំរុញឲ្យមន្ត្រីរាជការខិតខំបំពេញ ការងាររបស់ខ្លួនឲ្យបានល្អ ដោយមិនមែនគិតតែកន្លែងធ្វើការល្អ អគារធ្វើការថ្មី គ្រប់គ្រាន់នោះទេ សំខាន់ គឺត្រូវបំពេញការងារល្អទើបគ្រប់គ្រាន់ ពោលគឺធ្វើការងារឲ្យមានប្រសិទ្ធភាពខ្ពស់។

* សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មន្រ្តីមួយចំនួន ដែលនាំឲ្យភាពអសកម្ម ​នៅក្នុងការផ្តល់​សេវាសាធារណៈ​អាចជាអ្នក ដែលមាន​និន្នាការបម្រើ​បក្ស​ក្រៅរដ្ឋាភិបាល ហើយសម្តេចបានបញ្ជា​ឲ្យចាប់ខ្លួនមន្រ្តីអសកម្មនោះ ជៀសវាងការបង្កឲ្យខូចកេរ្តិ៍​ឈ្មោះ មន្រ្តី​រាជរដ្ឋាភិបាល​ទាំងមូល។ បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រឹងប្រែងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ កុំបង្កឲ្យមាន​ភាពថ្នាំងថ្នាក់ដល់​ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចលុបចោល គម្រោងសាងសង់ ផ្លូវល្បឿនលឿន (Express Way) ពីភ្នំពេញទៅកាន់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ដោយសារតែប្រជាពលរដ្ឋមួយចំនួន បានតវ៉ានឹងទាមទារឱ្យធ្វើវេទិកាសាធារណៈ បង្ហាញពីផលប៉ះពាល់។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្គាប់ឱ្យលុបចោលផ្លូវរថភ្លើង ពីស្ថានីយ៍រថភ្លើងចាស់ ទៅកាន់គីឡូម៉ែត្រលេខ៦ផងដែរ ហើយឱ្យសាងសង់ផ្លូវ នៅលើផ្លូវរថភ្លើងនេះ ពង្រីកជាផ្លូវជាតិឱ្យកាន់តែធំ ការពារការកកស្ទះចរាចរណ៍ ដោយសារតែពេលនេះ មិនមានរថភ្លើងបើកតាមផ្លូវនេះទៀតទេ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋដែលនៅជាប់គម្រោងផ្លូវ ល្បឿនលឿននេះ មានការព្រួយបារម្ភតទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹក និងជំរុញឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានី ភ្នំពេញ បង្កើនការជួសជុលផ្លូវខូច នៅក្នុងរាជធានីភ្នំពេញ ដោយមិនត្រូវគិតតែពីសាងសង់ផ្លូវអាកាស និងផ្លូវថ្មីនោះទេ។ ការក្រើនរំលឹក របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីមានការរិះគន់របស់ប្រជាពលរដ្ឋ ក៏ដូចជាការសង្កេត របស់សម្តេចផ្ទាល់ឃើញថា ផ្លូវដែលខូចមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ហាក់មានភាពយឺតយ៉ាវក្នុងការជួសជុល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យ លោក សាំ ពិសិដ្ឋ ឧស្សាហ៍ដើរមើលផ្លូវនៅក្នុងក្រុង ប្រយ័ត្នអស់បុណ្យអស់ស័ក្តិ។

* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលយកនូវការរិះគន់របស់ប្រជាពលរដ្ឋ ជុំវិញការធ្វើប្រព័ន្ធលូតាមដងវិថី នានាដែលមិនព្រមសិក្សាឲ្យបានច្បាស់លាស់ មុនពេលចាប់ផ្តើមសាងសង់ផ្លូវ។ សម្តេចតេជោ បានបញ្ជាក់ថា ការរិះគន់របស់ប្រជាពលរដ្ឋ គឺជាត្រឹមត្រូវ និងអាចទទួលយកបាន ហើយសម្តេច ក៏បានអរគុណផងដែរ ចំពោះការរិះគន់របស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃ៤ ខែមេសា ឬថ្ងៃមុនចូលឆ្នាំថ្មី ដើម្បីរៀបចំការជួបជុំមួយក្រុមកីឡាករ កីឡាការិនីខ្មែរ ជារៀងរាល់ឆ្នាំ។ សម្តេចតេជោ បានសម្តែងអារម្មណ៍សប្បាយរីករាយខ្លាំង បែលបានជួបជុំជាមួយ កីឡាករ កីឡាការិនី កាលពីម្សិលមិញ ដោយមានការរាំកម្សាន្ត និង ការបរិភោគអាហាររួមគ្នា ដែលមិនធ្លាប់មានពីមុនមក៕

សូមទស្សនា និងស្ដាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោ...

សូមទស្សនា និងស្ដាប់ប្រសាសន៍ទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦៕

Posted by Fresh News on Monday, April 4, 2016
Advertising