(ភ្នំពេញ)៖ ស្ថាប័នគយ នៃប្រទេសកម្ពុជា-វៀតណាម បានសន្យារួមគ្នាប្រឹងប្រែងទប់ស្កាត់បទល្មើសគយ ឲ្យកាន់តែមានប្រសិទ្ធភាព ហើយក៏នឹងប្រឹងប្រែងជំរុញការសម្រួលពាណិជ្ជកម្ម និងនិវិយោគរវាងប្រទេសទាំងពីរ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ។

ការប្តេជ្ញាពង្រឹងទប់ស្កាត់បទល្មើសគយ និង ជំរុញការសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-វៀតណាម បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងមន្រ្តីគយកម្ពុជា ដឹកនាំដោយលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងគណៈប្រតិភូគយវៀតណាមដឹកនាំដោយលោក Nguyen Ngoc Tuc អគ្គនាយក នៃអគ្គនាយកដ្ឋានគយវៀតណាម នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦។

កិច្ចប្រជុំនេះថ្នាក់ដឹកនាំកំពូល នៃស្ថាប័នគយកម្ពុជា-វៀតណាមនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងបាលគយ នៃប្រទេសទាំងពីរ។

ក្នុងកិច្ចប្រជុំពិភាក្សានេះថ្នាក់ដឹកនាំគយកម្ពុជា-វៀតណាម បានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព នៃការអនុវត្តកំណែទម្រង់ និងទំនើបកម្ម នៅក្នុងអង្គភាពគយ នៃប្រទេសទាំងពីរ ហើយក៏បានឯកភាពបន្តពង្រឹងសហប្រតិបត្តិការរវាងស្ថាប័នគយទាំងពីរ ជាពិសេសការទប់ស្កាត់បទល្មើសគយ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ។

ក្នុងកិច្ចពិភាក្សានេះ ស្ថាប័នគយកម្ពុជា-វៀតណាម បានសន្យាពង្រឹងកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិដូចជា ក្នុងអាស៊ាន អង្គការគយពិភពលោក អង្គការពាណិជ្ជកម្មពិភពលោក មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ល។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ។ អង្គភាពគយទាំងពីរ ក៏បានក៏បានឯកភាពគ្នាជំរុញការរៀបចំអនុវត្តយន្តការត្រួតពិនិត្យតែមួយដង (Single Stop Inspection) នៅច្រកអន្តរជាតិបាវិត-ម៉ុកប៉ៃ។

ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធផាពថែមទៀតនោះ គយកម្ពុជា-វៀតណាម បានឯកភាពគ្នាបញ្ចប់សេចក្តីព្រាងច្បាប់ «អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ» ក្នុងពេលឆាប់ៗខាងមុខ ហើយគ្រោងដាក់ឲ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ ចុះហត្ថលេខាក្នុងវេលាសមស្របមួយ នៅឆ្នាំ២០១៧៕

Advertising