(កំពង់ឆ្នាំង)៖ ដីព្រៃលិចទឹកតំបន់៣ នៅក្នុងស្រុកបរិបូណ៌ ២កន្លែង មានទំហំប្រមាណជាង៦ហិកតា ក្នុងពេលថ្មីៗនេះ ត្រូវបានជនសង្ស័យលួចចូលភ្ជួររាស់ទន្ទ្រានយកជាកម្មសិទ្ធជាលើកទី២ បើទោះជាមន្ត្រីជំនាញបានដកដី ទាំងអស់នេះទុកជាសម្បត្តិរដ្ឋវិញ និងបានកសាងសំណុំរឿងជនល្មើសបញ្ជូនទៅតុលាការរួចហើយ ហើយតុលាការកំពុងបន្តនីតិវិធី តែជនសង្ស័យទាំងពីរនាក់នៅតែគគ្លើនមិន ព្រមរៀងចាល ថែមទាំងបានយកគ្រឿងចក្រមកភ្ជួរលើដីនោះយកធ្វើជាកម្មសិទ្ធិថែមទៀត។

លោក ឈឹម បាន នាយសង្កាត់រដ្ឋបាលជលផលស្រុកបរិបូណ៌ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកបានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើលទីតាំងដីព្រៃលិច ទឹកតំបន់៣ ចំនួនពីរចំណុច គឺ ១៖នៅចំណុចភូមិល្បើក ឃុំខុន រ៉ង និង២៖ នៅចំណុចអន្លុងត្រាវ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដោយពិនិត្យឃើញដីព្រៃលិចទឹកទាំងពីរចំណុចខាងលើនេះ ត្រូវបានគេលួចភ្ជួរលើដី ឈូសឆាយចាស់ ដែលមន្ត្រីជំនាញបានដកពីជនខិលខូច មកទុកជាសម្បត្តិរដ្ឋវិញរួចមកហើយ និងបានកសាងសំណុំ រឿងជនសង្ស័យទៅតុលាការរួចហើយដែរ តែពេលថ្មីៗនេះ ជនដដែលខាងលើនេះបានមកលួច ភ្ជួរលើដីនោះជាបន្តទៀត។

ដីព្រៃលិចទឹក ដែលត្រូវបានដកមកជាសម្បត្តិរដ្ឋវិញ នៅចំណុចអន្លង់ត្រាវ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ នៅលើទីតាំងដីព្រៃលិចទឹកដែលបានឈូសឆាយចាស់សរុបជាង ៣០ហិកតា ខណៈអាជ្ញាធរបានយកកូនឈើជាច្រើន រយដើមដាំនៅលើដីនោះផងដែរ។ ចំណែកអ្នកពាក់ព័ន្ធមន្ត្រីជំនាញក៏បានកសាងសំណុំរឿងមនុស្ស ៨នាក់ទៅតុលាការ តែពេលថ្មីៗនេះមានជនសង្ស័យម្នាក់ ក្នុងចំណោម៨នាក់ខាងលើនេះ បានលួចភ្ជួររាស់ជាថ្មីទៀតអស់ប្រមាណជាង ៣ហិកតា។

ដោយឡែកដីនៅចំណុចភូមិល្បើកកន្លងមកមន្ត្រីជំនាញ ក៏បានដកទុកដីចំនួន២៥ហិកតាជាសម្បត្តិរដ្ឋវិញ និងបានកសាងសំណុំរឿងមនុស្ស៤នាក់បញ្ជូនទៅតុលាការផងដែរ។ ករណីដែលជនសង្ស័យលួចចូលភ្ជួររាស់ និងឈូសឆាយដីព្រៃថ្មីៗជាលើកទី២នៅចំណុចទាំង២ខាងលើនេះ សង្កាត់រដ្ឋបាលជលផលបរិបូណ៌បានធ្វើរបាយការណ៍ ដាក់ជូនទៅខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួច ហើយដើម្បីបន្តនីតិវិធី។

ទាក់ទងនិងករណីខាងលើនេះ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង នៅព្រឹកថ្ងៃទី១ ខែតុលានេះ បានបញ្ជាក់ឲ្យដឹងថា ករណីដីព្រៃលិចទឹកនៅក្នុងភូមិល្បើក មន្ត្រីតុលាការបានឲ្យលោកដឹងថា តុលាការបានកោះហៅ ឈ្មោះ ទូច សាឡុង មកសួរនាំទាក់ទងនិងការឈូសឆាយដីព្រៃលិចទឹកនេះរួចហើយ ប៉ុន្តែមិនទាន់ធ្វើការជំនុំជម្រះនៅឡើយទេ គឺកំពុងតែបន្តនីតិវិធី។ ដូច្នេះករណីឈ្មោះ ទូច សាឡុង ចូលភ្ជួររាស់ដីខាងលើនេះ ជាលើកទី២ សមត្ថកិច្ចជំនាញនិងកសាងសំណុំរឿងបន្ថែមទៀតដាក់ជូនតុលាការ។

ដោយឡែកដីព្រៃលិចទឹកនៅចំណុចអូរត្រាវ ក្នុងភូមិសេះស្លាប់ ការដោះស្រាយពីមុននោះ គឺខាងអគ្គាធិការកិច្ចក្រ សួងមហាផ្ទៃ ចុះមកដោះស្រាយ គឺបានដកហូតដីទាំងអស់នោះទុកជាសម្បត្តិរដ្ឋវិញអស់ហើយ ដោយបានប្រគល់ការងារនេះឲ្យអាជ្ញាធរឃុំ និងស្រុកតាមដានពិនិត្យ មើល បើមានករណីលួចឈូសឆាយបន្តទៀត អាជ្ញាធរត្រូវរាយការណ៍ជូនអគ្គាធិការកិច្ចក្រសួងមហាផ្ទៃ នឹងចាត់វិធានការការបន្ត។ ដោយឡែកនៅថ្ងៃទី១ ខែតុលានេះ លោកចង់បើកកិច្ចពិភាក្សាជាមួយអាជ្ញាធរឃុំ និងស្រុក ថាតើអាជ្ញាធរស្រុកត្រូវចាត់ការរបៀបណាចំពោះជនល្មើស ដែលបានចូលទៅលួចឈូសឆាយដីខាងលើនេះជាលើកទី២៕