(រតនគិរី)៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី អញ្ជើញនាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចែកជូនគ្រួសារក្រីក្រ ចំនួន១០០គ្រួសារ រស់នៅក្នុងក្រុងបានលុង ដែលរងផលប៉ះពាល់ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ពិធីចែកអំណោយនេះបានធ្វើឡើងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

ថ្លែងក្នុងឱកាសនេះ លោកថង សាវុន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកអភិបាលខេត្ត បានបន្ថែមថា អំណោយដែលបាននាំមកជូននាពេលនេះ ជាការបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលដល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងសម្រាប់បម្រើឲ្យការរស់នៅប្រចាំថ្ងៃរបស់បងប្អូន បានមួយរយៈ ដើម្បីឲ្យបងប្អូនអាចមានកម្លាំងបន្ដខិតខំប្រឹងប្រែងធ្វើការរកចំណូលបន្ដទៀត។

លោកអភិបាលខេត្ត បានបន្តទៀតថា ជំងឺកូវីដ១៩ បានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងគ្រប់ៗគ្នា ដូច្នេះដើម្បីជីវភាពប្រសើរឡើងដូចមុនវិញ យើងត្រូវរៀនរស់តាមបរិបទថ្មីនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើងពីជំងឺដ៏កាចសាហាវនេះ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលចាក់វ៉ាក់សាំងដោយប្រការណាមួយ សូមអញ្ជើញរួសរាន់ទៅចាក់នៅតាមទីតាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីបង្កើនការការពារខ្លួនកាន់តែល្អពីជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ផងដែរថា អំណោយរបស់រាជរដ្ឋាភិបាលដែលបាននាំមកជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ក្នុងបរិបទជំងឺកូវីដ-១៩នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ , មុង១, ភួយ១ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕