(ភ្នំពេញ)៖ ជាការលើកទឹកចិត្តដល់មន្ត្រី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះថា លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ បានយកនំអន្សមមកចែកជូនដល់លោក-លោកស្រីជាចៅសង្កាត់ទាំង០៧ ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់នៅសាលាខណ្ឌបឹងកេងកងផងដែរ ប្រកបដោយបរិយាកាសរីករាយ ពោលគឺយើងនាំគ្នាពិសានំអន្សមខ្មែរ ដែលមានរសជាតិឆ្ងាញ់ពិសារ ឱកាសក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃខ្មែរយើង។

ក្នុងនោះអស់លោក លោកស្រី អ្នកបម្រើការងារនៅសាលាខណ្ឌនិងអស់លោក លោកស្រីជាចៅសង្កាត់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន ដែលជានិច្ចកាលតែងតែមានការគិតគូដល់ប្រជាជនក្នុងមូលដ្ឋាន និងមន្ត្រីក្រោមឱវាទ ស្របនឹងឧត្តមគតិ «អភិបាលខណ្ឌ និងមន្រ្តីក្រោមវាទ រួមសុខរួមទុក្ខជាមួយប្រជាជន ផ្ដល់ស្នាមញញឹមដល់ពួកគាត់ ផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋគ្រប់ៗរូប»

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌបឹងកេងកង បន្តអំពាវនាវឲ្យបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕