(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អ៊ិត ជំនិត អភិបាលរងខណ្ឌពោធិ៍សែនជ័យ នាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តចំនួន២ រួមមានវត្តតាំងកសាងខាងត្បូង និងវត្តតាំងកសាងខាងជើង នាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

ពិធីនេះមានការចូលរួមពីលោកស្រី ម៉ម សុធី ក្រុមប្រឹក្សាសាលារាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារ ចុះជួយសង្កាត់កាកាបទី២, លោក យិន គា នាយករដ្ឋបាលសាលាខណ្ឌដង្កោ និងអនុប្រធានក្រុមកាងារ លោក វង្ស សៀងហាក់ ប្រធានអង្គភាពលទ្ធកម្ម និងជាអនុប្រធានក្រុមការងារ, លោក ឈុន ឆាយ៉ាម៉ាកែន ប្រធានច្រកចេញចូលតែមួយខណ្ឌពោធិ៍សែនជ័យ លោក ឡុង ណារ៉ា ចៅសង្កាត់ស្ដីទីកាកាបទី២ ព្រមទាំងមន្រ្តីក្រុមប្រឹក្សាសង្កាត់ និងមេភូមិទាំង៥ ផងដែរ។

លោក អ៊ិត ជំនិត បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ដោយសារតែនៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានផ្អាកព្រោះតែការឆ្លងរីករាលដាលជំងឺកូវីដ១៩នោះ ទើបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យក្រុមការងារសាលាខណ្ឌពោធិ៍សែនជ័យនាំយកទេយ្យវត្ថុនិងបច្ច័យខាងលើនេះប្រគេនដ់ព្រះសង្ឃទាំង២វត្តខាងលើ។

ដោយក្នុង១វត្តៗ ទទួលបានអង្ករចំនួន២០០ក្រាម, ទឹកបរិសុទ្ធ៣កេស, ទឹកក្រូច៣កេស, សាច់ក្រក៥គីឡូក្រាម, ត្រីខ៥យួរ, មី៣កេស, ឆៃប៉ូវ៣គីឡូក្រាម និងបច្ច័យចំនួន ៥០០,០០០រៀល។

ព្រះគ្រូចៅអធិការ នៃវត្តទាំង២ខាងលើ ក៏មានសង្ឃដីកាអំណរគុណដល់លោកអភិបាលរាជធានីភ្នំពេញ និងក្រុមការងារខណ្ឌពោធិ៍សែនជ័យ ដែលបានយកចិត្ដទុកដាក់គ្រប់ពេលវេលា។ មិនថានៅពេលវេលាណានោះទេ តែងតែគិតគូពីសុខទុក្ខ និងការលំបាកនានា ទាំងវិស័យពុទ្ធចក្រនិ ងអាណាចក្រ ជាពិសេសក្នុងពេលកំពុងផ្ទុះឡើងនៃជំងឺកូវីដនេះតែម្ដង៕