(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ។

ក្នុងកិច្ចប្រជុំនេះលោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានឆ្លៀតឱកាសប្រគល់ (ដីកា) របស់រដ្ឋបាលរាជធានីភ្នំពេញ និងលិខិតបង្គាប់ការរបស់រដ្ឋបាលខណ្ឌ ស្ដីពីតួនាទីភារកិច្ចជូនលោក សុត សេដ្ឋា ជាប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ និងលោកស្រី បាន សុផារី ជាមន្ត្រីការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌឬស្សីកែវ អាណត្តិទី៣ សាមញ្ញលើកទី២៨នេះដែរ បានរៀបចំធ្វើឡើងនៅសាលប្រជុំ B សាលាខណ្ឌប្ញស្សីកែវ តាមប្រព័ន្ធវីឌីអូអនឡាញ ZOOM MEETING នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក ធុយ សុខន និងលោកស្រី ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌ, និងតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធ រដ្ឋបាលខណ្ឌទាំង១១, ប្រធានសាខាពន្ធដារខណ្ឌ, ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌ, តំណាងអគ្គិសនីកម្ពុជា, ក្រុមលេខាធិការ និងលោក-លោកស្រីប្រធាន-តំណាងប្រធានក្រុមប្រឹក្សាសង្កាត់ទាំង៧ ចំនួន៥៥នាក់។

លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ បានផ្ដោតសំខាន់នៅក្នុងកិច្ចប្រជុំនេះ លើរបៀបវារៈចំនួន៥ រួមមាន៖

*ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ (កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១)។
*ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ (កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១)។
*ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌ។
*ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌ។
*បញ្ហាផ្សេងៗ ក្រៅពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានប្រគល់ (ដីកា) របស់រដ្ឋបាលរាជធានីភ្នំពេញ និងលិខិតបង្គាប់ការរបស់រដ្ឋបាលខណ្ឌ ស្ដីពីតួនាទីភារកិច្ចជូនលោក សុត សេដ្ឋា ជាប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ និងលោកស្រី បាន សុផារី ជាមន្ត្រីការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ៕