(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ តាមដាន និងណែនាំ ព្រមទាំងបានពិន័យអន្តរការណ៍ ចំពោះភោជនីយដ្ឋានមួយកន្លែង ដែលមានឈ្មោះថា ចែប ប៉ូរ ហាងលក់ គុយទាវ និងកាហ្វេ នៅផ្លូវក្បែររង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលអនុញ្ញាតឲ្យភ្ញៀវចូលជួបជុំ អង្គុយបរិភោគអាហារ ដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។

លោក ពៅ ពិសិដ្ឋ បញ្ជា់ថា «សម្រាប់កាពិន័យអន្តរការណ៍នេះ គឺពិន័យតែម្ចាស់ហាង ១លានរៀល ចំពោះភ្ញៀវ ពុំពិន័យឡើយ»

លោក ពៅ ពិសិដ្ឋ បានធ្វើការណែនាំដល់ម្ចាស់ហាង ក្នុងការចូលរួមពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពក្នុងការរស់នៅតាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅកម្ពុជា ពិសេសនៅក្នុងខេត្តសៀមរាប ដែលបានប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាពសាធារណៈ អាយុជីវិត និងសណ្ដាប់ធ្នាប់សាធារណៈ ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកក៏បានធ្វើសេចក្ដីអំពាវនាវជាថ្មីបន្តទៀតដល់សាធារណជន ក្នុងការចូលរួម ការគោរព និងអនុវត្តនូវវិធានការសុខាភិបាល វិធានការរដ្ឋបាល វិធានការសុវត្ថិភាពទេសចរណ៍ និងវិធានការផ្សេងៗទៀត ប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង ៣កុំ» នៅតាមទីតាំងសាធារណៈនានា រួមមានផ្សារ ទីកន្លែងលក់គ្រឿងឧបភោគបរិភោគ និងទំនិញគ្រប់ប្រភេទ តាមវត្តអារាម វិហារសាសនា រមណីយដ្ឋានទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋាន និងទីតាំងផ្សេងទៀត ដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន។

លោកបានបន្ថែមថា៖ «ចំពោះ ភោជនីយដ្ឋាន-អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជិវកម្មដ្ឋានគ្រប់ប្រភេទ អាចអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនបានត្រឹមជាលក្ខណៈវេចខ្ចប់តែប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឲ្យអតិថិជនចូលមកទទួលទាន នៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ»

ទីតាំងទាំងនេះ ត្រូវធានាឲ្យបាននូវការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពាក់ម៉ាស រក្សាឲ្យបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ព្រមទាំងប្រកាន់ភ្ជាប់នូវការធ្វើអនាម័យ ការសម្លាប់មេរោគ ការវាស់កម្ដៅ ការស្ដេន QR Code «ទប់ស្កាត់កូវីដ» និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តវិធានការ «៣ការពារ និង ៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សូមជម្រាបថា នៅថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានការ សុវត្ថិភាពទេសចរណ៍ខេត្តសៀមរាប និងមន្ត្រីជំនាញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក៏បានបន្តចុះពិនិត្យ តាមដាន និងណែនាំ ក្នុងការចូលរួម ការគោរព និងអនុវត្តនូវវិធានការសុខាភិបាល វិធានការរដ្ឋបាល វិធានការសុវត្ថិភាពទេសចរណ៍ និងវិធានការផ្សេងៗទៀត ប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ»

ការចុះពិនិត្យ តាមដាននេះ ធ្វើឡើងនៅតាមទីសាធារណៈនានា រួមមានផ្សារ ទីកន្លែងលក់គ្រឿងឧបភោគ បរិភោគ និងទំនិញគ្រប់ប្រភេទ តាមវត្តអារាម វិហារសាសនា រមណីយដ្ឋានទេសចរណ៍ ភោជនីយដ្ឋាន-អាហារដ្ឋាន និងទីតាំងផ្សេងទៀត ក្នុងការពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពក្នុងការរស់នៅតាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ពិសេសបន្ទាប់ពីក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ការកំណត់ជា «តំបន់ក្រហម» និង «តំបន់លឿងទុំ»