(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវប្រជាពលរដ្ឋឱ្យបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្លាំងក្លាបបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

លោក សុខ លូ បានឱ្យដឹងថា ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានេះដែរ លោកបានបន្តថា ហើយការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលអាចកើតឡើងភ្លាមក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬមិនគោរពច្បាប់។

លោក សុខ លូ ក៏បានក្រើនរំឮកថា ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវដូចខាងក្រោម៖

ទី១៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត
ទី២៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត
ទី៣៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត
ទី៤៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍
ទី៥៖ ពេលបើកបរត្រូវប្រកាន់ស្ដាំជានិច្ច
ទី៦៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
ទី៧៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
ទី៨៖ មិនត្រូវបទ ឬវ៉ាជែងក្នុងភាពប្រថុយនឹងគ្រោះថ្នាក់ ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង
ទី៩៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចជាពិសេសត្រួតពិនិត្យកង់ចង្កូតហ្វ្រាំងភ្លើងបំភ្លឺ។ល។
ទី១០៖ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់
និងទី១១៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យល់អធ្យាស្រ័យ។

ក្នុងឱកាសនោះផងដែរ លោក សុខ លូ បានបន្ថែមទៀតថា ក្នុងនាមអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមសម្ដែងនូវក្តីសង្ឃឹមលើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីណែនាំដើម្បីទទួលបាននូវសុវត្ថិភាព និងសេចក្តីសុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕