(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលយកនូវការរិះគន់របស់ប្រជាពលរដ្ឋ ជុំវិញការធ្វើប្រព័ន្ធលូតាមដងវិថីនានា ដែលមិនព្រមសិក្សាឲ្យបានច្បាស់លាស់ មុនពេលចាប់ផ្តើមសាងសង់ផ្លូវ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានបញ្ជាក់ថា ការរិះគន់របស់ប្រជាពលរដ្ឋ គឺជាត្រឹមត្រូវ និងអាចទទួលយកបាន ហើយសម្តេច ក៏បានអរគុណផងដែរ ចំពោះការរិះគន់របស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «គួរស្តាប់សំណូមពរប្រជាពលរដ្ឋផង! គាត់លើកជាចម្ងល់ គាត់សួរត្រឹមត្រូវ គួរតែខ្មាសគាត់។ គាត់ថា សម្តេច ហេតុអីបានជាតិចជីកដាក់លូ ជីកដាក់ខ្សែកាប្លិ៍ ម៉េចមុនធ្វើមិនសិក្សាឲ្យហើយ ចាប់ជីកច្រើនដង? អាហ្នឹងគាត់និយាយត្រូវ គាត់និយាយត្រូវ គាត់លើកសំណូមពរមកត្រូវ ខ្ញុំសូមអរគុណចំពោះអ្នកលើកសំណួរតាម Facebook របស់ខ្ញុំ»

សម្តេចបានបន្តថា «គាត់រអ៊ូ គាត់អត់ខុសទេ ហើយកុំថាអ្នកហ្នឹងបក្សប្រឆាំង ប្រឆាំង ឬមិនប្រឆាំង ឲ្យតែសមស្រប គឺត្រូវហើយយកទៅយោបល់ហ្នឹង។ យើងត្រូវហ៊ាន​ទទួលយកនូវ​ការពិតមួយ ដែលយើងវាអ៊ីចឹងមែន សូម្បីតែខ្ញុំ ក៏ថុញដែរ ថុញនៅពេលជិះឡានទៅឃើញឈូសអាចិញ្ចើមផ្លូវ»