(ភ្នំពេញ)៖ ក្រោមការដឹកនាំ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមមេធាវីស្ម័គ្រចិត្តគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការស៊ើបអង្កេតស្វែងរកការពិត និងបានស្ម័គ្រចិត្តការពារក្តីជូនជនជាប់ចោទអនីតិជនដែលរងបទចោទថាបានប្រព្រឹត្តបទល្មើសឆក់ តាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងត្រូវបានតុលាការសម្រេចឃុំខ្លួន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន fresh News ឱ្យដឹងថា ជាលទ្ធផល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈជំនុំជម្រះលើជនជាប់ចោទជាអនីតិជនរូបនេះ និងបានប្រកាសសាលក្រម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយសម្រេចឱ្យរួចផុតបទចោទពីបទលួចមានស្ថានទម្ងន់ ដោយតុលាការរកឃើញថាជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

បើតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តការសម្របសម្រួលជាមួយស្ថាប័នតុលាការ និងពន្ធនាគារក្នុងការដោះលែងជនជាប់ចោទនេះ ក្រោយពេលបំពេញកិច្ចនីតិវិធីបានចប់សព្វគ្រប់ និងបញ្ជូនអនីតិជនខាងលើនេះឱ្យទៅក្រុមគ្រួសារ ដើម្បីបានទទួលការបីបាច់ថែរក្សា និងការអប់រំរៀនសូត្របន្ត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំណរគុណដល់ស្ថាប័នតុលាការ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់យុត្តិធម៌តាមផ្លូវច្បាប់ជូនដល់ជនជាប់ចោទ និងជាពិសេសមេធាវីស្ម័គ្រចិត្ត និងក្រុមការងារ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយមេធាវី លោក ខៀវ តុលា និងមេធាវីចំនួន២រូបទៀត គឺលោកមេធាវី សាន វឌ្ឍនា និងលោកមេធាវី សុក ជា ដែលបានខិតខំប្រឹងប្រែងក្នុងការស៊ើបអង្កេតស្វែងរកការពិត និងការពារក្តីក្នុងសំណុំរឿងនេះយ៉ាងសកម្ម និងដោយយកចិត្តទុកដាក់ ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ទោះបីជាស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលកូវីដ១៩ យ៉ាងណាក៏ដោយ៕