(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការដោះលែងយានយន្តដឹកជញ្ជូន លើសទម្ងន់កំណត់ចំនួន២២៩គ្រឿង មុនកាលកំណត់ ក្រោយពីមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សន្និសីទសារព័ត៌មានេះ ធ្វើឡើងក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ២២៩គ្រឿង មុនកាលកំណត់។ យានយន្តទាំងនោះ ត្រូវបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យ ត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការដោះលែង។

សម្តេចបានបន្ថែមថា ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ ស្តីពីផ្លូវថ្នល់ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

សម្តេចក៏បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ទៀតទេ៕