(បាងកក, ប្រទេសថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើលោក ជូរិន ឡាក់សាណាវីសិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ជួយសម្រួលរាល់ឯកសារពាក់ព័ន្ធនានា ដើម្បីពន្លឿនដល់ការនាំចូលផលិតផលកសិកម្មរបស់កម្ពុជាចូលទៅក្នុងប្រទេសថៃ និងបញ្ចៀសការកកស្ទះទំនិញនៅតាមព្រំដែន។

សំណើរបស់លោកបណ្ឌិត សុខ សុក្រឹត្យា បានធ្វើឡើងក្នុងពេលរូបលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ នៅក្នុងជំនួបនេះលោកបណ្ឌិត សុខ សុក្រឹត្យា និងលោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បានកត់សម្គាល់ពីភាពល្អប្រសើរនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បើទោះបីត្រូវជួបវិបត្តិនៃជំងឺកូវីដ១៩ក្តី។

បើទោះបីជាយ៉ាងលោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងពីបញ្ហាវិសមភាពនៃជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលការនាំចូលទំនិញរបស់កម្ពុជាទៅថៃ នៅមានកម្រិតទាបច្រើនជាងការនាំចូលពីថៃ មកកម្ពុជា។ ដើម្បីកុំឱ្យមានការផ្អៀងនូវជញ្ជីងពាណិជ្ជកម្មបែបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានស្នើឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ពិនិត្យបើកការនាំចូលផលិតផលពីកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ជាពិសេសផលិតផលកសិកម្មរបស់កម្ពុជា។

ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនេះ លោកទីប្រឹក្សារបស់សម្តេចតេជោ បានស្នើរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ កាត់បន្ថយបែបបទឯកសារមិនចាំបាច់មួយចំនួន ដើម្បីបញ្ចៀសការកកស្ទះទំនិញ តាមច្រកព្រំដែន។ ជួយសម្រួលការនាំចូល និងការនាំចេញផលិតផលកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសពន្លឿនការចរចា និងអនុម័តឯកសារភូតគាមអនាម័យ (SPS-Sanitary and Phytosanitary)។

នៅក្នុងជំនួបនេះលោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើរដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ជួយពន្លឿនការបើកច្រកព្រំដែនអន្តរជាតិសេដ្ឋកិច្ចស្ទឹងបត់-ណងអៀន ដើម្បីឱ្យការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរបានកាន់តែងាយស្រួលផងដែរ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ក៏បានមើលឃើញដូចគ្នានឹងលោកបណ្ឌិត សុខ សុក្រឹត្យា ពីគុណតម្លៃសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងការបើកច្រកស្ទឹងបត់-ណងអៀននេះ។ លោករដ្ឋមន្ត្រី បានសន្យានាំយកសំណើទាំងនេះ ទៅជម្រាបជូននាយករដ្ឋមន្ត្រីថៃ ធ្វើការពិនិត្យ និងសម្រេចក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បានស្នើកម្ពុជាជួយផ្សព្វផ្សាយអំពីផលិតផលថៃ ២២០មុននៅលើគេហទំព័រ របស់ក្រសួងពាណិជ្ជកម្មថៃឈ្មោះ klangthai.com ផងដែរ។

លោក ជូរិន ឡាក់សាណាវីសិត ក៏បានចែករំលែកបទពិសោធន៍ និងបង្ហាញពីការចំណាប់អារម្មណ៍មកលើសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាផងដែរ ក្នុងនាមរូបលោកធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ។ លោកបានលើកឡើងថា កម្ពុជាជាប្រទេសដ៏អស្ចារ្យ ដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ផ្នែកវប្បធម៌ បេតិកភណ្ឌ និងធនធានធម្មជាតិ ក្នុងការស្រូបទាញវិនិយោគិនបរទេស មកវិនិយោគលើសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ឲ្យស្របទៅនឹងនិន្នាការទេសចរក្នុងអំឡុងប្រក្រតីភាព នៃគន្លងថ្មីទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មថៃ ក៏បានកោតសរសើរពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសកម្ពុជា ពីចំណុចសូន្យ រហូតមកមានកិត្តិយស និងសិទ្ធិស្មើភាពគ្នាជាមួយប្រទេសនានាលើឆាកអន្តរជាតិ ព្រមទាំងបានផ្តាំសួរសុខទុក្ខ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកបណ្ឌិត សុខ សុក្រឹត្យា ផងដែរ៕