(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក ដែលជាគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតឈានដល់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មឡើងវិញ ដើម្បីស្តារដល់សេដ្ឋកិច្ចជាតិ។

ការសរសើរនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅក្នុងជំនួបពិភាក្សាការងារមួយចំនួនរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលសម្រេចបានជាង ៨៣ភាគរយធៀបនឹងចំនួនប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ១៦លាននាក់។ លោករដ្ឋមន្ត្រី បានលើកឡើងថា លទ្ធផលដែលកម្ពុជាសម្រេចបាននេះ ជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

ព័ត៌មានជោគជ័យលើការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការវ៉ាក់សាំងនេះ បានធ្វើឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន សម្តែងការសាទរ ហើយពួកគេចាត់ទុកនេះជាសញ្ញាដ៏ល្អសម្រាប់កម្ពុជា ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន។

ក្រៅតែពីបញ្ហាខាងលើនេះ ជំនួបតាមប្រព័ន្ធវីដេអូនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន បានពិភាក្សាផ្តោតសំខាន់លើការងារអាទិភាព និងគំនិតផ្តួចផ្តើមនានាដាក់ចេញដោយអាស៊ាន ជាពិសេសនៅពេលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ បន្ថែមពីនេះ កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ចទ្វេភាគី និងតំបន់ និងការចូលរួមរបស់វិស័យឯកជនក្នុងស្តារទ្បើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល ពាណិជ្ជកម្មឌីជីថល ប្រព័ន្ធសុខាភិបាល ការស្តារទំនុកចិត្តឡើងវិញក្នុងការធ្វើដំណើរ និងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ជាដើម។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាពគ្នា និងភាពសុខដុមរមនា នៅក្នុងអាស៊ាន។ ពិសេសកម្ពុជានឹងផ្តោតសំខាន់លើកិច្ចខិតខំស្តារសេដ្ឋកិច្ចសង្គម ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងប្ដេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍នូវការដាក់ដំណើររោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ដែលអាចផ្តល់ឱកាសការងារជូនប្រជាជនកម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ម្យ៉ាងទៀតលោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ក្រុមហ៊ុនដឹកជញ្ជូន Fedex ដែលមានគោលបំណងពង្រីកសេវាកម្មដឹកជញ្ជូនត្រង់តាមផ្លូវអាកាសមកកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក Ted Osius បានថ្លែងអំណរគុណលោករដ្ឋមន្រ្តី និងសហការីក្រសួងពាណិជ្ជកម្មដែលតែងតែបានយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់អ្នកវិនិយោគ និងក្រុមហ៊ុនសហរដ្ឋអាម៉េរិក នាពេលកន្លងមក។ លោក Ted Osius និងថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិក បានប្តេជ្ញាជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀត ជាពិសេសបានបង្ហាញពីការគាំទ្រនៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២៕