(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ-សង្កាត់ ឬអាចចូលពិនិត្យមើលតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ(App) Voterlist KH ដើម្បីឱ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។

បើតាមលិខិតរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់ខ្លួនពុំត្រឹមត្រូវ បងប្អូនត្រូវស្នើសុំក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឱ្យបានត្រឹមត្រូវទៅតាមឯកសារសំអាងច្បាស់លាស់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ-សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

គ.ជ.ប បានបញ្ជាក់ថា ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ឬប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។

ទន្ទឹមនឹងនេះ គ.ជ.ប សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលអង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ប្រព្រឹត្តទៅល្អប្រកបដោយសន្តិសុខ សុវត្ថិភាព និងជៀសផុតពីជំងឺកូវីដ១៩ គ.ជ.ប សូមប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលចូលរួមក្នុងដំណើរការនេះ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា៕