(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងក្នុងគោលបំណងផ្តល់នូវជម្រើសដែលមានភាពបត់បែនកាន់តែងាយស្រួល សម្រាប់សិស្ស-និស្សិត យុវជន និងប្រជាពលរដ្ឋដែលមានបំណងចង់ស្វែងរកឱកាសការងារ ឬចង់ផ្លាស់ប្តូរការងារដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតនោះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តរក្សាតុល្យភាពនៃដំណើរការទីផ្សារការងារ ជាពិសេសជួយជ្រោមជ្រែងដល់និយោជក ដែលមានតម្រូវការកម្លាំងពលកម្ម ព្រមទាំងបើកវេទិកាទូលាយ ក្នុងការទទួលបានឱកាសការងារកាន់តែងាយស្រួលដល់អ្នកស្វែងរកការងារ ដោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយគ្រាន់តែអ្នកស្វែងរកការងារធ្វើការដាក់ពាក្យ និងអាចធ្វើការសម្ភាសការងារផ្ទាល់បានតាមរយៈប្រព័ន្ធវីដេអូ ដែលក្រុមការងារបានរៀបចំជូន សំដៅកាត់បន្ថយហានិភ័យនៃការរាលដាលនៃជំងឺកូវីដ-១៩ និងការចូលអនុវត្តម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ។

ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃពិព័រណ៍ការងារ និងផលិតភាពអនឡាញ ឆ្នាំ២០២១ នឹងទទួលស្វាគមន៍និយោជក និងអ្នកស្វែងរកការងារ ឲ្យចូលជ្រើសរើសកម្លាំងពលកម្ម និងដាក់ពាក្យស្នើសុំការងារតាមរយៈប្រព័ន្ធអនឡាញនៅលើគេហទំព័រ www.careerfair.nea.gov.kh

គួរជម្រាបជូនដែរថា តាមរយៈកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទីភ្នាក់ងារជាតិ មុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ (National Career and Productivity Fair 2021-Online) ដែលមានរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

បើសិនជាអ្នកស្វែងរកការងារ និងសាធារណជន ដែលមានបំណងចូលរួមតាំងបង្ហាញ ឬត្រូវការព័ត៌មានពិស្តារអំពីពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ សូមទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ ០១៧ ៨៧១ ៨០៧/០១៦ ៤៣៨ ៨៤៣៕