(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ឬហៅកាត់ថា (គ.ល.ក) បានរៀបចំវេទិកាកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈជាមួយម្ចាស់តំណាងក្រុមហ៊ុនកាស៊ីណូ ទូទាំងប្រទេស ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការបំពេញចំណូលកាតព្វកិច្ច និងការផ្តល់អាជ្ញាបណ្ណ រួមទាំងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

រៀបចំវេទិកាកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយលោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រួមទាំងមានការចូលរួមអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា និងលោកនាយក/លោកស្រី អគ្គនាយក/អគ្គនាយិកា ជាប្រតិបតិ និង/កម្មសិទ្ធិករកាស៊ីណូទូទាំងប្រទេសបានចូលរួម។

ជាកិច្ចចាប់ផ្តើមឧត្តមសេនីយ៍ឯក សៀង សេន បានឡើងក្នុងវេទិការពិគ្រោះយោបល់ជាសាធារណៈលើខ្លឹមសារជារួមនៃសេចក្តីព្រាង៖

*ទី១៖ ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការបំពេញចំណូលកាតព្វកិច្ចពីល្បែង
*ទី២៖ ប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ
*ទី៣៖ អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គឺជាការជំរុញឱ្យមានការគ្រប់គ្រងបានល្អដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ រួមទាំងការរក្សាការពារសុវត្ថិភាពនិងសន្តិសុខសង្គម។

អគ្គលេខាធិការរង គ.ល.ក បានបន្ថែមទៀតថា ជាការឆ្លើយតបទៅនឹងតម្រូវការ នៃច្បាប់អនុក្រឹត្យស្តីពីការកំណត់ដើមទុនអប្បបរមាសម្រាប់ប្រតិបត្តិការ គឺជាលិខិតបទដ្ឋានគតិយុត្តដំបូងដែលបានចូលជាធរមាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ត្រូវបានធ្វើការផ្សព្វផ្សាយរួមគ្នាជាមួយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌការងារលើការរៀបចំលិខិតបទដ្ឋានគតិយុត្តគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យ ល្បែងពាណិជ្ជកម្ម។

លោកថា «ច្បាប់នេះត្រូវបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធានានូវប្រសិទ្ធភាព នៃការអនុវត្តន៍ក៏ដូចជាការធានានិរន្តភាព និងនីតិភាពនៃប្រតិបត្តិការអាជីវកម្មរបស់ប្រតិបត្តិករ ដែលមានអាជ្ញាបណ្ណមុនច្បាប់ចូលជាធរមាន សម្រាប់ឆ្នាំ២០២២ខាងមុននេះ»

លោក រស់ ភីរុណ បានថ្លែងក្នុងវេទិកាថា ដើម្បីរត់តាមស្ថានភាពនៃការកើនឡើងនូវសកម្មភាព ក្នុងវិស័យល្បែងពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាល បានជំរុញឱ្យមានការគ្រប់គ្រងវិស័យល្បែងនេះប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អគ្គលេខាធិការ គ.ល.ក បានពន្យល់ណែនាំនូវលក្ខខណ្ឌ និងនីតិវិធីដល់ប្រតិបត្តិករ បានចូលរួមក្នុងវេទិកា ឲ្យបានយល់ពីដំណាក់កាល និងអត្ថប្រយោជន៍នៃច្បាប់៖

*ទី១៖ អាជ្ញាបណ្ណកាស៊ីណូ
*ទី២៖ លក្ខខណ្ឌ និងនីតិវិធីនៃអាជ្ញាបណ្ណកាស៊ីណូ
*ទី៣៖ សុពលភាព និងកម្រៃអាជ្ញាបណ្ណ
*ទី៤៖ លក្ខខណ្ឌ និងនីតិវិធីនៃការបំពេញចំណូលកាតព្វកិច្ច
*ទី៥៖ ទណ្ឌកម្ម។

ដោយមើលឃើញពីភាពខ្វះចន្លោះ ក៏ដូចជាដើម្បីបង្គ្រប់សមាសធាតុក្នុងក្របខ័ណ្ឌទិដ្ឋភាពច្បាប់ ឱ្យមានលក្ខណៈពេញលេញ និងសុគតិភាព ដើម្បីធានានូវការគ្រប់គ្រង និងជំរុញវិស័យមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដំណើរការបានកាន់តែមានតម្លាភាព និងប្រសិទ្ធភាព ដោយជ្រកក្រោម ដំបូលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពេញលេញជាធរមាន។ ច្បាប់ទាំងនេះដើម្បីធានាបាននូវ កំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារជូនពលរដ្ឋ ប្រមូលចំណូល ទប់ស្កាត់បទល្មើសផ្សេងៗ រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

សូមជម្រាបជូនថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរៀបចំតាក់តែងឡើង និងទទួលបានការអនុម័តកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំ ពេញអង្គលើកទី៦ នីតិកាលទី៤ និងត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/ ០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២០៕