(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកផ្នែកខាងលើមានស្ទឹងមង្គលបូរី នៅឃុំឬស្សីក្រោក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ព្រោះស្ថានភាពទឹកឡើងហៀចេញពីមាត់ស្ទឹង ធ្វើឱ្យលិចចូលក្រោមផ្ទះប្រជាពលរដ្ឋ និងកំណាត់ផ្លូវមួយចំនួន។

ដោយឡែកនៅផ្នែកខាងក្រោមមានឃុំគយមែង និងឃុំតាឡំ ជាប់នឹងផ្ទៃទឹកទន្លេសាប ស្ថានភាពទឹកនៅមិនទាន់ពេញស្ទឹងនៅឡើយ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នកូនៗតូច ខ្លាចក្រែងលង់ទឹក, រស់នៅដោយប្រកាន់ភ្ជាប់នូវអនាម័យ ដើម្បីការពារពីជំងឺឆ្លងនានា ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជូន ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ ៨ពាន់គ្រួសារ នៅក្នុងឃុំ-សង្កាត់ចំនួន៣០ នៃស្រុកក្រុងចំនួន៥ រួមមាន៖ ក្រុងសេរីសុភ័ណ, ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និងស្រុកមង្គលបុរី បានរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានជាង១ពាន់គ្រួសាររងគ្រោះខ្លាំងជាងគេរហូតត្រូវបានជម្លៀសចេញពីផ្ទះ។

ដោយឡែកសម្រាប់ ក្នុងរយៈពេល៤ថ្ងៃមកនេះ ក្នុងក្របខណ្ឌទូទាំងខេត្តបន្ទាយមានជ័យ មិនមានភ្លៀងធ្លាក់ ដូច្នេះស្ថានភាពទឹកផ្នែកខាងលើមានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត នឹងធូរស្រាល ដោយទឹកបានស្រកខ្លាំងនៅតាមអូរព្រំដែនជាដើម៕