(សៀមរាប)៖ នៅថ្ងៃទី៣០ ខែកញ្ញា នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបញ្ចប់ទីតាំងពិនិត្យសុខភាពបឋម ចំពោះអ្នកដំណើរដែលចូលទៅក្នុងខេត្តសៀមរាប។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បញ្ចប់ទីតាំងពិនិត្យសុខភាពបឋម ដើម្បីស្រង់ព័ត៌មាន និងស្គេន QR code ទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ទាំង៣ទីតាំងចាប់ពីពេលនេះតទៅ។

សូមរំលឹកថា ចាប់តាំងពីផ្ទុះឡើងនូវព្រឹត្តិការសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្តសៀមរាប បានដាក់ទីតាំងពិនិត្យសុខភាពបឋមចំនួន៣ទីតាំង នៅព្រំប្រទល់ចូលខេត្តសៀមរាប ដើម្បីស្រង់ព័ត៌មាន និងស្គេន QR code តាមដានព័ត៌មានអ្នកចូលក្នុងខេត្តសៀមរាប។ ទីតាំងទាំង៣ចំណុចនោះរួមមាន៖ ព្រំប្រទល់ស្រុកជីក្រែង និងស្រុកស្ទោងខេត្តកំពង់ធំ, ព្រំប្រទល់ស្រុកក្រឡាញ់ និងស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ , ព្រំប្រទល់ស្រុកស្រីស្នំ និងស្រុកចុងកាលខេត្តឧត្ដរមានជ័យ។

តែពេលនេះរដ្ឋបាលខេត្ត បានសម្រេចបញ្ឈប់ការពិនិត្យសុខភាពបឋមនេះវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរចូលទៅក្នុងខេត្តសៀមរាប៕