(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣១នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F14) មូលហេតុបណ្ដាលមកពី ក្រុមការងារ របស់បុរីប៉េងហួត ប្រើប្រាស់រថយន្តស្ទួចដកដើមឈើ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្ត អគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ, (២) ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ, (៣) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១១៖៣០នាទីព្រឹក។ លើកលែងតែបន្ទប់ភ្លើង លេខ៩៣៧ PT1571 និងPT1171 ដែលមានទីតាំងស្ថិតនៅ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង ១៥៖០០នាទីរសៀល។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមាន ការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕