(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់អំពីការរៀបចំទីតាំងចំនួន២កន្លែង សម្រាប់យកវត្ថុសំណាក ពីបងប្អូនប្រជាជនទូទៅ ដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា តាមរយៈយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនទូទៅ នៅទូទាំងប្រទេសកម្ពុជា បានប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ តាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើតបាននូវភាពស៊ាំក្នុងសហគមន៍ ឈានទៅបើកឡើងវិញ នូវសេដ្ឋកិច្ច សង្គម និងការទម្លាប់រៀនរស់នៅ ឲ្យបានសមស្របក្នុងបរិបទកូវីដ-១៩។

ដោយឡែក សម្រាប់ខេត្តព្រះសីហនុ ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនទូទៅ រួមទាំងកុមារដែលមានអាយុ ចាប់ពី៦ឆ្នាំឡើងទៅ សម្រេចបានតាមផែនការដែលគ្រោងទុក។

ដើម្បីធានាឲ្យការបើកដំណើរការឡើងវិញ នូវសេដ្ឋកិច្ច សង្គម ធានាដល់ប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជារក្សានិរន្តរភាព នៃការបើក សាលារៀនឡើងវិញ សម្រាប់កូនចៅប្រជាពលរដ្ឋទូទៅ បានសិក្សារៀនសូត្រ ជាធម្មតានៅតាមសាលារៀន ការបើកឡើងវិញ នូវសកម្មភាពលក់ដូរនៅតាមទីផ្សារនានា ការបើកឡើងវិញនូវការងារ មុខរបរមួយចំនួន -ល- គឺជាការចាំបាច់ដែលខានមិនបាន។

ដើម្បីធានាទប់ស្កាត់ ការចម្លងមេរោគដ៏សាហាវនេះ នៅក្នុងសហគមន៍ បន្ទាប់ពីបានចាក់វ៉ាក់សាំងហើយ ត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល និងអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងត្រូវចេះពិនិត្យ តាមដានសុខភាពផ្ទាល់ខ្លួន និងសុខភាពសមាជិកក្រុមគ្រួសារ យើងជាប្រចាំផងដែរ។

បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំទីតាំងចំនួន២ សម្រាប់យកវត្ថុសំណាកពីបងប្អូនប្រជាជនទូទៅ ដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) គឺទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទីតាំងទី២ នៅវេទិកា ៧មករា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ដូចនេះ ក្នុងករណីបងប្អូនប្រជាជនយើង ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយសង្ស័យថា បានឆ្លងជំងឺកូវីដ-១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនលើសពី ៣៧.៥ អង្សាសេ មានភ្លុកផ្តាសាយ ឬក្អក មានស្លេស្ម -ល- ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅទីតាំងទាំង២ ខាងលើនេះ កុំបីខាន៕