(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមលក្ខណៈទាំងកម្លាំង មធ្យោបាយ សម្ភារចាំបាច់នានារួចជាស្រេច សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នារដូវវស្សានេះ។

ជាក់ស្តែងដើម្បីជំរុញការងារនេះ ឱ្យទទួលបានលទ្ធផលល្អនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការពង្រឹង ប្រសិទ្ធភាពការងារ កងកម្លាំងគ្រប់ផែនជំនាញ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអធិការ៩ស្រុក/ក្រុង មេបញ្ជាការវរទាំង៤។

សម្រាប់កិច្ចប្រជុំខាងលើនេះ គឺផ្តោតលើបញ្ហាមួយចំនួនរួមមាន៖

*ទី១៖ ពង្រឹងប្រសិទ្ធិភាពការងារប្រចាំថ្ងៃរបស់នគរបាល
*ទី២៖ ដាក់ចេញនូវផែនការណ៍ត្រៀម បង្ការ បង្រ្កាប សង្គ្រោះជូនប្រជាពលរដ្ឋតាមមូលដ្ឋានដែលប្រឈមបញ្ហាកូវីដ១៩ និងរងគ្រោះដោយទឹកជំនន់
*ទី៣៖ លើកទឹកចិត្តផ្តល់មេដៃ លិខិតសរសើរដល់អ្នកប្រឹងប្រែងធ្វើការពិតប្រាកដ និងដាក់ពិន័យដល់អ្នកមិនគោរពវិន័យ
*ទី៤៖ ត្រូវពន្លឿនការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឱ្យបានទាន់ពេល
*ទី៥៖ ត្រូវគ្រប់គ្រងចំនួនអាវុធ និងគ្រាប់ឱ្យបានត្រឹមត្រូវ
*ទី៦៖ ត្រូវត្រៀមកម្លាំង២៤ម៉ោង ទ្រោលសភាពណ៍និងអន្តរាគមន៍ ហេតុការណ៍ជាយថាហេតុ
*ទី៧៖ ត្រៀមកម្លាំង សម្ភារ រថយន្ត ទូក ខ្សែកង់ឡាន អាវពោង និងស្បៀង
*ទី៨៖ នគរបាលទាំងអស់ត្រូវពង្រឹងចំណេះ ជំនាញបច្ចេកវិទ្យាក្នុងសម័យទំនើបកម្ម។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាឱ្យគ្រប់បណ្តាកងឯកភាព និងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវលុបបំបាត់ភាពអសកម្មការងាររបស់ខ្លួន កុំយកលេសជំងឺកូវីដ១៩ ធ្វើឱ្យស្ទះដល់ការងារត្រូវកែប្រែឥរិយាបថឡើងវិញ ជាដើម៕