(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលករខ្មែរចំនួន១៩នាក់ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ នៅ២ទីតាំងផ្សេងគ្នា ក្នុងស្រុកម៉ាឡៃ។

មន្ត្រីដែលចុះក្នុងប្រតិបត្តិការបង្ក្រាបករណីលួចឆ្លងដែននេះ បានបញ្ជាក់ថា ករណីទី១ កើតឡើងនៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកនាំកម្លាំងនៅជួរមុខតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនៅតាមមូលដ្ឋាន ខណៈចេញល្បាតត្រួតពិនិត្យតាមព្រំដែនក្នុងភូមិសន្តិភាព ឃុំទួលពង្រ ដល់ភូមិចំបក់ ឃុំបឹងបេង ក៏បានប្រទះឃើញពលករខ្មែរបានចំនួន៨នាក់ ស្រីចំនួន ៣នាក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ រួចក៏ធ្វើការឃាត់ខ្លួនសាកសួរ និងចាត់ការតាមនីតីវិធី។

ករណីទី២ កើតឡើងនៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងចម្រុះ ដោយឃាត់ខ្លួនបានចំនួន១១នាក់ ក្នុងនោះស្រី៥នាក់ ជិះកង់៣ចំនួន១គ្រឿង នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានឱ្យដឹងថា កម្លាំងបានល្បាតជាប់ជាប្រចាំ២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការជាមួយកម្លាំងចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនឱ្យចូលទៅក្នុងសហគមន៍៕