(កណ្តាល)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ត្រូវបានក្រុមការងារយកទៅប្រគល់ជូនរដ្ឋបាលស្រុក នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

លោក លឹម សុធា អនុប្រធានគណៈពង្រឹងស្រុកកណ្ដាលស្ទឹង និងលោក ឃុន ឌីវឌ្ឍនា តំណាងរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាំយកអំណោយរបស់សម្ដេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត
ជូនរដ្ឋបាលស្រុករួមមាន៖ អង្ករ ៥តោន, ត្រីខ១០កេះធំ, មី១០កេះធំ, ទឹកសុទ្ធ២០កេះ និងថវិកាមួយចំនួនផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកទាំង២ បានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាស្រុក ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្ត។

លោកបានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការសាលាស្រុកទាំងអស់ ដែលខិតខំបំពេញភារកិច្ចទាំងឡាយ នាពេលកន្លងមក ដើម្បីបម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយគ្នានេះ ក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី១៩ លោក បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៅក្នុងសាលាស្រុក ត្រូវការពារការឆ្លងមេរោគនេះ តាមវិធាន «៣កុំ និង៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុលឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល»៕