(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំ​គណៈ​ប្រតិ​ភូ​អញ្ជើញ​ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ ជូនកងកម្លាំងនគរបាលប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។

នាយឧត្តមសេនីយ៍ នេត សាវឿន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមនឹងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​លោក​ជំទាវ ជូន​ដល់កងកម្លាំងទាំងអស់នៅជួរមុខ រួមទាំងគ្រួសារ ជូនពរប្រទះពុទ្ធពរទាំង៤ប្រការ និង​សូម​ឧទ្ទិស​ចំពោះ​វិញ្ញាណ​ក្ខន្ធ ​មន្រ្តី​ពលី​ទាំងអស់ សូមទៅកាន់សុគតិភព។

នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា រៀងរាល់ថ្ងៃរាជរដ្ឋាភិបាល ក្រសួង​មហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងស្វែងរកជំនួយឧបត្ថម្ភ និង​ផ្គត់​ផ្គង់​របបហូបចុក សម្ភារបរិក្ខារ ជូនដល់កងកម្លាំងនគរបាលទាំងអស់ ។ ក្នុង​នោះ​ដែរ​នាយ​ឧត្តម​សេនីយ៍ សូមសរសើរលើកទឹកចិត្ត វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះស្មារតី និងការតស៊ូ អំណត់​ព្យាយាម ប្រឈមគ្រប់ឧបសគ្គ ក្នុងកិច្ចការពារ នូវស្ថិរភាព សន្តិសុខ និងសន្តិភាពតាមព្រំដែន ឲ្យ​មាន​ភាព​ល្អ​ប្រសើរ ។

នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវ​យក​ចិត្ត​ទុក​ដាក់ក្នុងការគោរពវិន័យ សីលធ៌មរបស់កងកម្លាំង ជាពិសេស​ត្រូវ​យក​ចិត្ត​ទុក្ខ​ដាក់ ​ដល់​មន្រ្តីចូ​ល​និវត្តន៍ ពិការ និងគ្រួសារមន្រ្តីពលី ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅ ។ នាយឧត្តមសេនីយ៍ ក៏បាន​សំណូម​ពរ​ដល់​កងកម្លាំង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំ​មាន​សុវត្ថិ​ភាព ជាពិសេសចូលរួមក្នុងបង្រ្កាប បទល្មើសផ្សេងៗ និង​ជួយ​សង្គ្រោះ​ដល់​ប្រជា​​ពល​រ​ដ្ឋ នៅ​តាម​មូល​ដ្ឋាន​នៅ​ពេល​មាន​គ្រោះ អាសន្នជាយថាហេតុផង​ដែរ។

នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតចូលមកដល់នាពេលខាងមុខនេះ ​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន​ជូន​ពរ​ដល់​កម្លាំង​នគរបាល​ទាំង​អស់ ​ជួប​ប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង៤ប្រការ និងជោគជ័យគ្រប់ភារកិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ។

នាយឧត្តមសេនីយ៍ នេត សាវឿន បាននាំយកអំណោយមួយចំនួន ជូន​ដល់​កង​កម្លាំ​ង​នគរ​បាលនា​ពេល​នោះ រួមមានថវិការបស់សម្ដេចក្រឡាហោម ស ខេង ឧបត្ថ​ម្ភ​ដល់​កង​កម្លាំង ១,៥០០នាក់ ក្នុង​ម្នាក់​ថវិកា៥០,០០០រៀល, លោក គង់ វិបុល អគ្គនាយកពន្ធដារ បាន​ឧបត្ថម្ភ​ដល់​កង​កម្លាំង​នគរបា​ល​ជាតិ ថវិកា ៥០,០០០,០០០រៀល និងទឹកក្រូច ៥០០ កេស, ឧកញ៉ា ខូវ សម្បត្តិ ឧបត្ថម្ភ​ដល់​គណៈ​បញ្ជា​ការ​ដ្ឋាន ១៨៧ ថវិកា ២០,០០០,០០០រៀល, នាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភ គ្រួសារ​ពលី ពិការ ៣០គ្រួសារ ក្នុងមួយគ្រួសារ ១,០០០,០០០រៀល, និវត្តន៍ជន ១៥នាក់ ក្នុងម្នាក់ ថវិកា ១០​០​,​០​០​០រៀល, គ្រូពេទ្យ និងអ្នកជំងឺ ២០នាក់ ក្នុងម្នាក់ ថវិកា ៥០,០០០រៀល, គណៈបញ្ជាការដ្ឋាន១៨៧ ថវិកា ២០,០០០,០០០រៀល, ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និង​ឧត្តរ​មាន​ជ័យ ក្នុងមួយស្នងការដ្ឋាន ថវិកា ៥,០​០០,០០០រៀល, អង្គភាពយោធាថវិកា ៥០,០០០,០០០រៀល, កងកិត្តិយស ថវិកា ១,០​០​០.​០​០​០​រៀល និងសម្ភារ ភេសជ្ជៈ និងស្បៀង រួមមាន ស្រាបៀរ១,០០០កេស, មីម៉ាម៉ា ១០០កេសធំ, ត្រីខ ៥០កេស និង​សាប៊ូ ៨០កេស៕

Advertising