(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានបិទខ្ទប់ផ្សារកំពង់ប្រណាកជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាប្រសិទ្ធភាពដល់ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងទីតាំងភូមិសាស្ត្រដែលត្រូវបានបិទ និងទប់ស្កាត់មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការជូនដំណឹងសាជាថ្មី»។

សូមបញ្ជាក់ថា ផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ សម្រេចបើកឱ្យដំណើរលក់ដូរជាធម្មតាកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីផ្សារនេះត្រូវបានបិទខ្តប់បណ្តោះអាសន្នចំនួន ៥លើក ដើម្បិីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

បើគិតមកដល់ថ្ងៃនេះ ផ្សារកំពង់ប្រណាក ទើបតែបើកឱ្យអាជីវករចូលលក់ដូរបានរយះពេលតែ១៨ថ្ងៃប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖