(ភ្នំពេញ)៖ អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលធ្លាប់រស់នៅសហរដ្ឋអាមេរិករាប់ទសវត្ស បានលើកឡើងថា ច្បាប់ដែលអនុម័តដោយសភាអាមេរិក មិនមានប្រសិទ្ធភាពមកចាប់បង្ខំ ឬកំញើញឲ្យកម្ពុជាគោរពនោះឡើយ !

តាមរយៈ បណ្តាញសង្គម Facebook នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សួន សេរីរដ្ឋា បានលើកឡើងថា ច្បាប់ Cambodia Democracy Acts ហៅថា HR-8646 ដែលក្រុមសភាអាមេរិក អនុម័តនៅថ្ងៃពុធ ទី២៩ កញ្ញា ២០២១ នេះ វាមិនត្រឹមតែឥតប្រយោជន៍ទេ តែវានឹងធ្វើឲ្យទំនាក់ទំនងនយោបាយការបរទេសរវាងអាមេរិកនិងកម្ពុជា កើតការល្អក់កករថែមមួយកម្រិតទៀត ក្នុងពេលដែលភាគីអាមេរិកកន្លងមក បានព្យាយាមបង្កើតរឿងមិនពិតដែលថា កម្ពុជាអនុញ្ញាតឲ្យចិនមានមូលដ្ឋានទ័ពលើទឹកដីកម្ពុជានោះ។

«កម្ពុជា ជារដ្ឋអធិបតេយ្យឯករាជ្យ ដែលមានរដ្ឋសភា និងមានរដ្ឋាភិបាល ។ រដ្ឋាភិបាលកម្ពុជា គោរពនិងអនុវត្តតែច្បាប់ដែលអនុម័តដោយរដ្ឋសភាកម្ពុជា ដែលជាស្ថាប័ននីតិបញ្ញត្តិ តំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ អ្នកបោះឆ្នោតឲ្យតែប៉ុណ្ណោះ ! ។ ច្បាប់ដែលអនុម័តដោយសភាសហរដ្ឋអាមេរិក មិនមានប្រសិទ្ធភាពអ្វីមកចាប់បង្ខំឲ្យ ឬកំញើញឲ្យកម្ពុជាគោរពនោះឡើយ… វាជាការពិតហើយ ច្បាប់នោះវាបានត្រឹមតែយកទីដំកល់ទុកនៅបណ្ណាល័យក្នុងសហរដ្ឋអាមេរិក ទុកឲ្យកូនសិស្ស អ្នកស្រាវជ្រាវ អ្នកសិក្សា ចូលទៅអានតែប៉ុណ្ណោះ ដើម្បីបានដឹងថា ក្នុងមួយអាណត្តិសភាអាមេរិក បានធ្វើច្បាប់អ្វីខ្លះ»។ នេះជាការបញ្ជាក់របស់ លោក សួន សេរីរដ្ឋា។

 សេចក្តីស្នើច្បាប់ស្នើស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ដែលសភាជាន់ទាបអាមេរិកអនុម័ត ត្រូវបានស្នើឡើងដោយ លោក Steve Chabot អ្នកតំណាងរាស្ត្រ នៃបក្សសាធារណរដ្ឋប្រចាំនៅ រដ្ឋ Ohio និង លោកAlan Lowenthal អ្នកតំណាងរាស្ត្រ នៃគណបក្សប្រជាធិបតេយ្យប្រចាំនៅរដ្ឋ California ដែលអ្នកតំណាងរាស្រ្តទាំង២រូបនេះ តែងចេញមុខវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់នាពេលកន្លងទៅ។ ចេតនានៃការរៀបចំសេចក្តីស្នើច្បាប់នេះ គឺដើម្បីដាក់សម្ពាធមកលើប្រទេសកម្ពុជា។ បន្ទាប់ពីសភាជាន់ទាបអាមេរិកអនុម័ត សេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាថែមទៀត។

ជុំវិញករណីនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកជឿជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានាធិបតី ចូ ប៉ៃដិន នោះទេ។

បើតាមលោក សួន សេរីរដ្ឋា, នៅលើឆាកអន្តរជាតិ ថ្វីត្បិតតែកម្ពុជា ជាប្រទេសតូច តែក្នុងឋានៈជាប្រទេសសមាជិក និងមានអាសនៈនៅអង្គការសហប្រជាជាតិនោះ កម្ពុជាបានបំពេញកាតព្វកិច្ចជាច្រើននៅក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ UN ដើម្បីបុព្វហេតុមនុស្សធម៌ និងការថែរក្សាសន្តិភាព ជូនប្រទេសសមាជិក UN ។ ដូចនេះ ប្រជាពលរដ្ឋកម្ពុជា មិនអាចទទួលយកការប្រមាថណាមួយ ដែលកើតចេញពីនយោបាយឈ្លានពាន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានឡើយ… ពីព្រោះកម្ពុជាបច្ចុប្បន្ន មិនមែនជាកម្ពុជាកាលទសវត្សរ៍ ១៩៧០ នោះទេ៕